បន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ ថ្លែងថា រាល់អ្នកតាំងលក់ និងតសំយ៉ាបរំលោភយកផ្លូវសាធារណៈគឺត្រូវតែរុះរើចេញជាបន្ទាន់ ជៀសវាងរដ្ឋបាលក្រុងចុះអនុវត្តរុះរើដោយផ្ទាល់។លោកថ្លែងដូច្នេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៩ក្នុងឱកាសដែលលោកចុះពិនិត្យអប់រំណែនាំដល់បងប្អូនអាជីវករដែលរស់នៅនិងតាំងលក់ជុំវិញបរិវេណផ្សារត្រីស្ថិតក្នុងភូមិប៉ាលិលេយ្យ១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោក សាន ស៊ានហូ បានលើកឡើងថាការតាំងលក់ដោយដាក់គ្រែ តូប នៅលើផ្លូវសារធារណៈពិតជាបង្កភាពអណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះនិងងាយបង្កគ្រោះថ្នាក់ចរាចរណ៍ គ្មានអនាម័យ ។ជាមួយនោះចំពោះអ្នកដែលមានផ្ទះ តូប ដែលតសំយ៉ាបបំពានផ្លូវសាធារណៈដើម្បីតាំងលក់និងជួលអោយអ្នកលក់ក៏កំពុងបង្កយ៉ាងធ្ងន់ធ្ងរផងដែរដល់ការធ្វើចរាចរណ៍រថយន្តចេញចូលពិសេសរថយន្តសង្គ្រោះ មិនអាចចូលជួយបានទេនៅពេលដែលមានហេតុការណ៍គ្រោះអគ្គីសភ័យម្តងៗ។ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០១៩កន្លងកន្លងទៅនេះមានអគ្គីសភ័យមួយបានកើតឡើងនៅចំនុចផ្សារត្រីនេះហើយបានបំផ្លាញផ្ទះអ្នកលក់ដូរអស់ចំនួន៥ខ្នងនិងខូចខាតទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លា។ហើយការខូចខាតនេះគឺបណ្តាលមកពីរថយន្តអគ្គីសភ័យមិនអាចចូលទៅដល់ទីតាំងផ្ទះដែររងការឆេះនោះព្រោះតែផ្លូវមានស្ថានភាពតូចចង្អៀត។
ដោយសារតែប្រការនេះហើយទើបរដ្ឋបាលក្រុងក្រោមការណែនាំពីរដ្ឋបាលខេត្តលោក សួន បវរ ចុះធ្វើការណែនាំ ផ្សព្វផ្សាយអោយបងប្អូនដែលមានជាប់ពាក់ពន្ធ័នឹងការរំលោភយកចំណីផ្លូវសាធារណៈទៅធ្វើអាជីវកម្មដោយដាក់តាំង លក់ តសំយ៉ាប អោយរុះរើនិងកាត់ចេញជាបន្ទាន់អោយបានមុនថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០១៩ដើម្បីអោយផ្លូវមានភាពស្រឡះធំទូលាយ។ហើយប្រសិនមិនអនុវត្តតាមការណែនាំនេះទេ រដ្ឋបាលក្រុងនិងចាត់វិធានការក្តៅរុះរើចេញដោយមិនអាចលើកលែងបានឡើយ៕