ស្ពានជ្រោយចង្វាទី១ ជួសជុលបាន៩៣ភាគរយហើយ និងគ្រោងដាក់ឲ្យប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំខែ្មរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2019 ក+ ក-

ភ្នំពេញ ៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០១៩ នេះ គម្រោងជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វាទី១)សម្រេចបាន៩៣ ភាគរយលឿន ជាងការគ្រោងទុក១៤ភាគរយ ហើយគ្រោងដាក់ឲ្យប្រើប្រាស់ មុនថ្ងៃ បុណ្យចូលឆ្នាំខែ្មរខាងមុខនេះ។

ស្ពាននេះ បានចាប់ផ្តើមការជួសជុលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុម ហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និងក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ជាជំនួយហិរញ្ញប្បទាន ឥតសំណង របស់រដ្ឋាភិ បាល ជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ផ្អែកលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ គម្រោងនេះ នឹងបញ្ចប់នៅ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្ត គម្រោង នេះ បានលឿនជាងការគ្រោងទុក ស្ពាននេះ នឹងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន នៅពេលបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ៕