កម្ពុជា ចាត់ទុករបាយការណ៍មន្ទីរចារកម្មអាមេរិក បែបវិទ្ធង្សនារំលោភលើឯករាជ្យភាពកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងការពារជាតិ នៅថ្ងៃទី១ ខែកុម្ភៈ នេះ បានចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ចំពោះចារកម្មអាមេរិក ដែលមានបំណងចង់ស្វែងរកការពិតនៃមូលដ្ឋាន ទ័ព បរទេសនៅលើទឹកដីកម្ពុជា។ ប៉ុន្តែ បើរកមិនឃើញភ័ស្តុតាង ឬទឡ្ហីករណ៍ជាក់លាក់ ទេ អាមេរិកត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រឌិត ញុះញង់ លាបពណ៌ និងជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងកម្ពុជាបន្តទៀត។

ការប្រកាសរបស់ក្រសួងការពារជាតិ នេះ ធ្វើឡើងបន្ទាប់ពីមន្ទីរចារកម្មជាតិសហរដ្ឋអាមេរិក ចេញរបាយការណ៍កាលពីចុងខែមករា ឆ្នាំនេះ ស្តីពីការវាយតម្លៃលើការគំរាមកំហែង ទូទាំង ពិភពលោក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំនេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានប្រកាសស្វាគមន៍ជានិច្ចចំពោះមន្ទីរ ចារកម្មជាតិសហរដ្ឋអាមេរិក ដែលមានបំណងចង់ស្វែងរកការពិត លើការសង្ស័យណា មួយ ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជា និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអំពី បញ្ហានេះ ។

សេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់ថា បើក្នុងករណីដែលរកមិនឃើញភស្តុតាង ឬទឡ្ហីករណ៍ ច្បាស់លាស់ទេ សូមឱ្យអាមេរិកបញ្ឈប់ជាបន្ទាន់នូវការប្រឌិត ញុះញង់ លាបពណ៌ និង ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតទៅទៀត ។

ក្រសួងការពារជាតិ បានចាត់ទុករបាយការណ៍នេះ ជារបាយការណ៍ញុះញង់ គ្មានមូលដ្ឋាន បែបវិទ្ធង្សនារបស់មន្ទីរចារកម្មជាតិសហរដ្ឋអាមេរិក បង្កឱ្យមានការភាន់ច្រឡំ ដល់សាធារ ណៈជាតិ និងអន្តរជាតិ មកលើឯករាជ្យភាពរបស់កម្ពុជា ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា «របាយការណ៍ស្តីពីការវាយតម្លៃលើការ គំរាម កំហែងទូទាំងពិភពលោករបស់សហរដ្ឋអាមេរិក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវចេតនា អាក្រក់មួយ ក្នុងការជ្រៀតជ្រែកដ៏ធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងជាការ ប៉ុនប៉ងបំផ្លិចបំផ្លាញលាបពណ៌មកលើឯករាជ្យ អព្យាក្រឹត្យអចិន្ត្រៃយ៍របស់កម្ពុជា ទោះបីជា មានការបំភ្លឺផ្លូវច្បាប់ និងបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ ម្តងហើយម្តងទៀត ពីសំណាក់រាជ រដ្ឋាភិបាលកម្ពុជា ចំពោះវត្តមានកងទ័ពបរទេសក៏ដោយ » ។

ក្នុងសេចក្តីថ្លែងការណ៍ដដែល បានរំឭកផងដែរថា កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ដែលផ្តើមចេញពីរដ្ឋប្រហារគាំទ្រដោយសហរដ្ឋអាមេរិក ឆ្នាំ១៩៧០ និងធ្លាប់រងគ្រោះដោយ វត្តមានកងទ័ពបរទេសនៅលើទឹកដី ដូច្នេះហើយ កម្ពុជាក៏មិនចាំបាច់កែរដ្ឋធម្មនុញ្ញ ដើម្បី ទទួល វត្តមានកងទ័ពបរទេសនោះដែរ៕