ស្វាយរៀង ៖ ស្ត្រីម្នាក់បានស្លាប់ក្រោយពេលសម្រាលកូនរួចនៅមន្ទីមណ្ឌលសុខភាព ស្រុកចន្ទ្រា (មណ្ឌលសុខភាព មេ ស ថ្ងក) ស្ថិតនៅភូមិពោធិ៍ ឃុំ មេ. ស ថ្ងក. ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
បើតាមការបានអះអាងរបស់ក្រុមគ្រួសារសពបញ្ជាក់ថា ប្អូនស្រីរបស់គាត់មានឈ្មោះ ប្រាក់ សូដា បានឈឺពោះសម្រាលកូនតាំងតែពីម៉ោងប្រហែល២រសៀល ហើយកូនសម្រាលមកមានសុខភាពល្អប្រសើរណាស់។ ប៉ុន្តែដោយគ្រូពេទ្យមិនដឹងថា មានជំនាញច្បាស់លាស់ ឬយ៉ាងណានោះទេ បន្ទាប់ពីទម្លាក់សុកធ្វើឲ្យប្អូនស្រីរបស់គាត់មានអាការៈធ្លាក់លោហិតយ៉ាងច្រើន ហើយចេះតែខ្សោយទៅៗរហូតដល់ម៉ោងប្រហែល៤រសៀល ទើបបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកជីភូ ជាអកុសលទៅដល់មន្ទីពេទ្យភ្លាមក៏ស្លាប់បាត់បង់ជីវិតចោលកូនដែកទើបនឹងកើត និងក្រុមគ្រួសារ ស្វាមី បងប្អូនទាំងវ័យក្មេងខ្ចីបែបនេះ។
ប្រភពខាងលើបានបន្តទៀតថា នៅមិនទាន់ដឹងមូលហេតុច្បាស់លាស់យ៉ាងណានោះទេ ប៉ុន្តែតាមដឹងមណ្ឌលសុខភាព មេ ស រថ្ងក ស្រុកចន្ទ្រា នេះធ្លាប់មានប្រជាពលរដ្ឋរិះគន់ច្រើនដងហើយ ចំពោះអាកប្បកិរិយារបស់ក្រុមគ្រូពេទ្យដែលមិនសមរម្យក្នុងការជួយសង្គ្រោះ ជាពិសេសប្រើសំដីអសុរសជាច្រើនផងទៅលើអ្នកជំងឺ អ្នកខ្លះមិនហ៊ាននិយាយទេ ព្រោះមិនដឹងថាទៅពឹងពាក់ខាងណាជួយអន្តរាគមន៍ ។
ក្នុងនោះដែរគ្រួសារជនរងគ្រោះបានសំណូមសូមលោកប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងមេត្តាជួយសម្រួលចាត់មន្ត្រីចុះមកអន្តរាគមន៍ស្រាវជ្រាវចំពោះបញ្ហារនេះផង ដោយហេតុថា ជីវិតជនរងគ្រោះស្លាប់ហើយមិនអាចរស់វិញបានទេ ហើយនេះជាការសោកសង្រេងដ៏ធំធេងមួយដែលមិនអាចកាត់ថ្លៃបានឡើយ ហើយសូមកុំឲ្យបញ្ហារនេះកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋដែលមានផ្ទៃពោះក្រោយៗទៀត។
ពាក់ព័ន្ធករណីនេះដែរលោក កែ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានប្រាប់ក្រុមអ្នកសារព័ត៍មានតាមទូរស័ព្ទនៅព្រឹកថ្ងៃ ទី៥ ខែកុម្ភៈឆ្នាំ២០១៩ នេះថា ពិតជាមានករណីសម្រាលកូនរួចស្លាប់ ប៉ុន្តែការស្លាប់នេះ លោកពុំទាន់ដឹងថាបណ្តាល មកពីគ្រូពេទ្យ ឬយ៉ាងណានោះទេ ហើយលោកកំពុងចាត់អោយប្រធានអូឌីមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវករណីនេះហើយ។លោកបានបន្តទៀតថា ការរិះគន់ថាមណ្ឌលសុខភាព មេ ស ថ្ងក នេះធ្លាប់មានប្រជាពលរដ្ឋរិះគន់ច្រើនដងហើយ ចំពោះអាកប្បកិរិយានៃអ្នកគ្រូពេទ្យដែលមិនសមរម្យក្នុងការជួយសង្គ្រោះព្យាបាល តែលោកមិនដឹងថាការលើកឡើងចំពោះគ្រូពេទ្យមួយណានោះទេ។ហើយបើមានករណីចឹងមែននោះលោកចាត់វិធានវិការណ៍ចំពោះអ្នកនោះភ្លាម។
សពប្អូនស្រី ប្រាក់ សូដា ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណីនៅគេហដ្ឋានប្អូនស្រី ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង៕