បុរសអាណិកជនខ្មែរអាមេរិកម្នាក់ជិះម៉ូតូ ដួលចូលក្រោមរថយន្តកិនស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2019 ក+ ក-

ភ្នំពេញ ៖ បុរសអាណិកជនខ្មែរអាមេរិកម្នាក់ បានជិះម៉ូតូប៉ះដៃចង្កូតនឹងធុងមូលមួយដែល
ដាក់បាំងបង្គោលភ្លើងបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តធុនធំមួយគ្រឿងដឹកសរសបេតុងបង្គោលភ្លើងកិនជាប់ក្រោមកង់រថយន្តស្លាប់យ៉ាងអាណោចអធម៌ គ្រោះថ្នាក់ ចរាចរ ណ៍ ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវណតព្រីត ភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ សាន សុភ័ណ្ឌ ភេទប្រុសអាយុ២៥ឆ្នាំស្នាក់នៅបុរីពិភពថ្មី ក្បែរវត្តសំរោងអណ្ដែតខណ្ឌសែនសុខ ទើបមកពីអារិកបានជិតខែ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជន រងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯង ម៉ាកCLICKI ពណ៌ទឹកក្រូចលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1AJ-4320 បើកបរដោយបុរសរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវ ណតព្រីត ទិសដៅពីជើងទៅត្បូង ដោយមិត្តភក្ភ្រ័គេម្នាក់ទៀតជិះម៉ូតូផ្សេង ខណៈមកដល់ចំណុចកើកហេតុស្រាប់តែម៉ូតូ ជនរងគ្រោះជ្រុលទៅប៉ះនឹងធុងដែលគេដាក់បាំងបង្គោលភ្លើងដួល ហើយជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្ត បណ្ដាលឲ្យកិនជាប់អូសប្រហែលជិត១០០ម៉ែត្រស្លាប់យ៉ាងអាណោចអធម៌ នៅនឹងកន្លែង ។ ភ្លាមៗអ្នកបើកបររថយន្តបង្កបានបើកទ្វារចុះរត់តែត្រូវបានប្រជាពលរដ្ឋដេញតាមចាប់បានប្រគល់អោយសមត្ថកិច្ច យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចរាចរណ៍មូលដ្ឋាន និងជំនាញចុះមកដល់វាសវែងនិងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តបង្កនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕