លោក ឯម កុសល ​អញ្ជើញសំណេះសំណាលជាមួយបេក្ខជនទើបប្រឡងជាប់ក្របខណ្ឌនគរបាលជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ០៩ ខែកុម្ភះ ឆ្នាំ២០១៩ នៅសាលប្រជុំតូចជាន់លើ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាលខេត្ត បានប្រារព្ឋពិធីជួបជុំ និងសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ចំនួន៣៦ នាក់ (ស្រី ០៧) នាក់ ត្រៀមទៅរៀនវគ្គបណ្តុះ បណ្តាល កម្រិតបឋមវិជ្ជាជីវៈ នគរបាលរយៈពេល០៤ ខែនៅសាលានគរបាលជាតិភូមិភាគ២ និងវគ្គបណ្តុៈបណ្តាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី១០ រយៈពេល ០៤ ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឳកាសនោះ លោក ស្នងការបានមានមតិផ្តាំផ្ញើរដល់បេក្ខជន បេក្ខនារី ត្រូវយកចិត្តទុកដាក់គោរពវិនយ័នគរបាលជាតិលេខ០០៦ អោយបានខ្ជាប់ខ្ជួនដោយប្រកាន់ការប្រតិបត្តិ ដេក ដើរ ឈរ អង្គុយ ត្រូវមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា ពិសេសជាមួយមហាជននិងអង្គភាពផ្សេងៗទៀត ហើយត្រូវមានសិលធម៌ល្អ។

លោកស្នងការបានសង្កត់ធ្ងន់ថា សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ទទួលយកនូវបទពិសោធន៍ល្អពីគ្រូបង្គោល មិត្តរួមអាជីព ហ្វឹកហ្វឺនជំនាញ បច្ចេកទេស និងឯកទេសនីតិសាស្រ្តអោយបានល្អប្រសើរ។ លោកស្នងការបានបន្តថា លោកក៏៏ដូចអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងមូលសង្ឃឹមថាក្មួយៗជាសិក្សាកាមទាំងអស់និងទទួលបាននិទ្ទេសល្អជូនខ្លួនឯងនិងអង្គភាព៕ ដោយ ៖ សុផល