រថយន្តធុនធំបើកចុះចំណោតបុករះរថយន្តច្រើនគ្រឿង និងក្រឡាប់ចូលផ្ទះស្លាប់ម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2019 ក+ ក-

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កកើតជាអគ្គីភ័យមួយ បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងរបួស៤នាក់។ គ្រោះថ្នាក់ដ៏រន្ធត់​នេះ ផ្តើមដោយរថយន្តដឹកថ្មធុនធំមួយគ្រឿងបើកចុះចំណោតហើយទំនងជាដាច់ហ្វ្រាំង បានជ្រុលបុករះរថយន្តជាច្រើនគ្រឿង ក្រឡាប់រណូលរណែលពេញផ្លូវ និងក្រឡាប់ជ្រុលចូលដល់ផ្ទះលក់ចាបហួយរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវបំបែកស្ថានីយ៍រថភ្លើង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងជាបឋមថា ក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើ ពេលដែលរថយន្ងបង្កដឹកថ្មបុកចូលផ្ទះអ្នកលក់ឥវ៉ាន់ចាប់ហ៊ួយនោះ បណ្តាលឲ្យស្ត្រីម្នាក់ដែលកំពុងឈរទិញឥវ៉ាន់នៅផ្ទះខាងលើ ស្លាប់ភ្លាមៗផងដែរ ហើយមានបង្កកើតជាអគ្គីភ័យផងដែរ ត្រូវបានរថយន្តសង្រ្គោះ រថយន្តពន្លត់អគ្គីភ័យ សមត្ថកិច្ចចេញទៅអន្តរាគមន៍ភ្លាមៗ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើ មកពីរថយន្តធុនធំដឹកថ្ម បើកបរក្នុងទិសដៅ ភ្នំពេញ-ក្រុងព្រះសីហនុ លុះដល់ចំណុចកើតហេតុ ដាច់ហ្វ្រាំង ជ្រុលទៅបុករះរថយន្ត២គ្រឿង ម៉ូតូ៣គ្រឿង ហើយបុកចូលផ្ទះ ក្រឡាប់ ស្លាប់ស្រ្តីម្នាក់ របួស៤នាក់(ស្រី២នាក់) អ្នកបើកបររថយន្តដឹកថ្មក៏រងរបួសធ្ងន់ក្នុងហេតុការណ៍នេះដែរ ៕