បាត់រថយន្តកាមរីបាឡែនពីខេត្តតាកែវ ប្រទះឃើញផ្លុងចោលនៅខេត្តព្រៃវែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2019 ក+ ក-

ខេត្តព្រៃវែង ៖ រថយន្តកាមរីបាឡែនមួយគ្រឿងត្រូវបានគេប្រទះឃើញ ចតទុកចោល សង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើស សមត្ថកិច្ចចុះទៅត្រួតពិនិត្យកាលពីវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខដេប៉ូប្រេងឥន្ធនៈ យហោ ផែង ណាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៦៤-៦៥ ក្នុង ភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យលួចតាំងពីខេត្តតាកែវ បើកយកមកចតទុកចោលនៅស្រុកពារាំង ។រថយន្តនេះ ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-6435 ត្រូវបានជនមិនស្គាល់មុខយកទៅចតទុកចោល ។

សមត្ថកិច្ចបានត្រួតពិនិត្យរថយន្ត ទើបបានដឹងអត្តសញ្ញាណម្ចាស់ និងលេខទូរស័ព្ទនៅក្នុងរថយន្ត ក្រោយពេលសមត្ថកិច្ច ធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ ដែលបន្សល់ទុកក្នុងរថយន្ត ទើបដឹងថា ម្ចាស់រថយន្តឈ្មោះ ជុំ វុត្ថា រស់នៅខេត្តតាកែវ ហើយត្រូវជនសង្ស័យលួចយកកាលពីវេលាយប់ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៩ ។

ក្រោយពិនិត្យស្រាវជ្រាវនិងស្គាល់ម្ចាស់ដើមរួច សមត្ថកិច្ចយករថយន្តខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ជាបណ្តោះអាសន្ន រងចាំម្ចាស់ កាន់ឯកសារ មកបំភ្លឺ ៕