មេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌកងទ័ព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2019 ក+ ក-

ភ្នំពេញ ៖ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យ លុបឈ្មោះចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ តបតាមការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពេលជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនៅលើ Facebook ផ្លូវការរបស់សម្តេច ជាមួយព្រះរាជក្រឹត្យ យ៉ាងដូច្នេះថា ៖ «នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥ គឺការវះកាត់»។

ការលុបឈ្មោះនេះ នៅបន្ទាប់ពីមានឃ្លីបវីដែអូមួយ ដែលបង្ហោះជាសាធារណៈក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីលោក គឹម រស្មី បានឡើងប្រកាសនៅលើវេទិកាក្នុងពិធីខួបកំណើតមួយ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយចែកប្រាក់ឲ្យកូនៗរបស់លោកចំនួន៥នាក់ ម្នាក់ៗទទួលបានចំនួន ១០ម៉ឺនដុល្លារ។

សូមជំរាបថា កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានប្រកាសនៅលើវេទិកានៃកម្មវិធីខួបកំណើតមួយ ដោយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់ ម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ថា បានលុយមកពីណាចែកកូនៗ រហូតដល់កន្លះលានដុល្លារ និងបានប្រើវោហារអួតអាងមួយចំនួនផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្តេចតេជោ ហ៊ុន សែន តែងតែរំឭកនូវអភិក្រមចំនួន៥ ចំណុច«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីដាស់តឿន ដល់មន្ត្រីក្នុងជួររដ្ឋាភិបាលទាំងអស់ ឱ្យមានការភ្ញាក់រលឹក ហើយខិតខំបម្រើប្រជាពលរដ្ឋ៕