សំណង់លើចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី ពីភ្នំពេញ ទៅព្រលានយន្តហោះ ត្រូវរុះរើចេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2019 ក+ ក-

ភ្នំពេញ ៖ ដើម្បីរៀបចំកែលម្អសោភ័ណភាព និងសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសាធារណៈសងខាងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ឲ្យកាន់តែមានភាពទាក់ទាញនោះ សាលាក្រុងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ដែលបានសាង សង់សំណង់នៅតាមបណ្តាយមហាវិថីខាងលើនេះ ត្រូវរុះរើចេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ចុះថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា មូលហេតុដែលសាលាក្រុងសម្រេចចិត្តអោយប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មរុះរើ នូវសំណង់របស់ខ្លួននេះ ដោយសារតែកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ចិញ្ចើមផ្លូវសាធារណៈទាំងសងខាង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តមដល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសភាពចាស់ទ្រុឌទ្រោម ដោយសារតែបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនបានប្រើប្រាស់ធ្វើជាទីតាំងលក់ដូរ ធ្វើចរាចរណ៍លើការ៉ូឡា និងមួយចំនួនទៀតបានរៀបចំក្រាលការ៉ូឡា ជាលក្ខណៈឯកជន និងជួសជុលនៅពេលដែលរងការខូចខាតម្តងៗដោយខ្លួនឯង មិនស្របតាមបទដ្ឋានបច្ចេកទេស ដែលធ្វើឲ្យចិញ្ចើមផ្លូវមានកម្រិតកម្ពស់មិនស្មើគ្នា បណ្តាលឲ្យបាត់បង់សោភ័ណភាព ព្រមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរ អង្គភាព ជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវតែសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ ក្នុងការធ្វើចរាចរណ៍លើកំណាត់ផ្លូវខាងលើនេះផងដែរ៕