រថយន្តបែនដឹក បុកជាមួយរថភ្លើងនៅស្រុកព្រៃនប់ គ្មានមនុស្សរងរបួសទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2019 ក+ ក-

ព្រះសីហនុ ៖ រថយន្តបែនដឹកមួយគ្រឿង បានបើកបុកក្បាលរថភ្លើងដែលកំពុងធ្វើដំណើរពេញទំហឹង បណ្តាលឱ្យរថភ្លើងធ្លាក់ចេញពីផ្លូវដែក តែសំណាងល្អមិនបង្កឲ្យមានមនុស្សរបួសឡើយ។

ហេតុការណ៍ខាងលើបានកើតឡើង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០នឹង១៥នាទី លើផ្លូវដែក ត្រង់ចំណុចភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយ រថយន្តបែនដឹកដី១គ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចឆ្ពោះទៅ កើតលុះដល់ចំណុចខាងលើបានបុក រថភ្លើងដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បណ្ដាលឲ្យធ្លាក់ក្បាលរថភ្លើងចេញពីលើផ្លូវដែក។

ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ រីឯវត្ថុតាង រថយន្ត១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕