គណៈកម្មការបោះឆ្នោតជាតិថៃ នឹងចាត់ការលើបក្សនយោបាយដែលតែងតាំងព្រះអង្គម្ចាស់ Ubolratana ជាបេក្ខភាពនាយករដ្ឋមន្ត្រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2019 ក+ ក-

បាងកក ៖ គណៈកម្មាធិការបោះឆ្នោតជាតីថៃ នៅថ្ងៃច័ន្ទ ទី១១ កុម្ភៈ នេះ នឹងចាប់ផ្តើមពិនិត្យ ពិចារណាចំពោះការតែងតាំងព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana) ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ បន្ទាប់ពីមានការជំទាស់ពីសំណាក់ព្រះមហាក្សត្រថៃ និងហៅការតែងតាំនេះថា មិនសមរម្យ និងមិនស្របតាមរដ្ឋធម្មនុញ្ញ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩

សារព័ត៌មានខាងលើនេះបានបន្តទៀតថា ការចាត់វិធានការនោះ គឺអាចជាការរារាំងបក្សថៃរក្សាជាតិ មិនឲ្យចូលរួមឆាកនយោបាយ តបតាមការអំពាវនាវពីគណបក្សនយោបាយមួយ ដែលមានទំនោរគាំទ្ររបបយោធា ខណៈការបោះឆ្នោតសកលឡើងវិញនៅប្រទេសថៃ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ បន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ពីតំណែងនាយករដ្ឋមន្ត្រីថៃ កាលពីខែឧសភា ឆ្នាំ២០១៤។

ប្រទេសថៃបានក្លាយជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ១៩៣២ ប៉ុន្តែរាជវង្សានុវង្សពុំដែល ចេញមុខលេងនយោបាយនោះឡើយ។ ដូច្នេះការតែងតាំងព្រះនាងម្ចាស់ Ubolratana ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សថៃរក្សាជាតិ ដែលត្រូវបានគេមើលឃើញថា អាចមានប្រជាប្រិយភាពខ្លាំងក្នុងការបោះឆ្នោតនោះ បានធ្វើឲ្យមហាជនក្នុងប្រទេសថៃចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ហើយសារព័ត៌មានធំៗទូទាំងសកលលោក ក៏បានចុះផ្សាយជាបន្តបន្ទាប់ អំពីរបត់នយោបាយថ្មីមិនធ្លាប់ បានបំបែកប្រពៃណីដ៏យូរអង្វែងរបស់សមាជិកនៃគ្រួសាររាជវង្សដែលស្ថិតនៅពីលើនយោបាយនៅក្នុងប្រទេសអាស៊ានមួយនេះផងដែរ។

សូមជម្រាបថា យោងតាមឯកសារគណៈកម្មការរៀបចំការបោះឆ្នោតថៃបានផ្សាយថា ម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Varnavadi វ័យ៦៧ បងស្រីរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ត្រូវបានចុះឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គណបក្ស Thai Raksa Chart ដែលគាំទ្រលោកនាយករដ្ឋមន្ត្រី Thaksin Shinawatra៕