អង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើអតីតមេ PM ខេត្តរតនគីរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2019 ក+ ក-

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី ១១ កុម្ភៈនេះ បានសម្រេចបើកការស៊ើបអង្កេតពីបទពុករលួយ លើអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីគឺ លោក គឹម រស្មី។ ការស៊ើបអង្កេតនេះ បានធ្វើឡើងបន្ទាប់ពីមានការបង្ហោះវីដេអូឃ្លីបមួយតាមបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីលោក គឹម រស្មី បានចែកប្រាក់ដល់កូនៗរបស់លោកចំនួន៥នាក់ ក្នុងម្នាក់ចំនួន១០ម៉ឺនដុល្លារ។

គួរជម្រាបថា ការស៊ើបអង្កេតនេះដែរ បានធ្វើឡើងក្រោយពីលោក គឹម រស្មី ត្រូវបានព្រះមហាក្សត្រ លុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៩ ខែកុម្ភៈ។

នៅថ្ងៃទី ១១ កុម្ភៈ នេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់បណ្តាញព័ត៌មាន ថា អង្គភាពរបស់លោកបានសម្រេចបើកការស៊ើបអង្កេតករណីនេះ។លោកថា ការស៊ើបអង្កេតនេះ មិនមានការបង្គាប់បញ្ជា ឬបន្ទាប់ពីមានពាក្យបណ្តឹងពីអង្គការសង្គមស៊ីវិលណាមួយនោះទេ គឺអង្គភាពរបស់លោក បានចាប់ផ្តើមប្រមូលឯកសាររួចហើយនៅក្នុងរឿងនេះ។

លោក គឹម រស្មី អតីតឧត្តមសេនីយ៍ត្រី និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវបានព្រះមហាក្សត្រកម្ពុជាចេញព្រះរាជក្រឹត្យលុបឈ្មោះចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៩ ខែកុម្ភៈ បន្ទាប់ពីមានសំណើរពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ព្រះរាជក្រឹត្យដែលចុះថ្ងៃទី៩ ខែកុម្ភៈ នេះ គឺនៅ៤ថ្ងៃក្រោយពីការបែកធ្លាយវីដេអូឃ្លីបស្តីពីកម្មវិធីឃួបកំណើតមួយ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយលោក គឹម រស្មី បានប្រកាសពីលើវេទិកាដោយបែងចែកប្រាក់ដល់កូនៗចំនួន៥នាក់ របស់លោក ដោយម្នាក់ៗទទួលបានសែកចំនួន ១០ម៉ឺនដុល្លារ។

មហាជនបានរិះគន់ថា តើឧត្តមសេនីយ៍ត្រី ដែលសម្ញែងលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ អាចមានការពាក់ព័ន្ធនឹងអំពើពុករលួយឬទេ? ចំណែកអ្នកប្រើប្រាស់តាមបណ្តាញសង្គម Facebook មួយចំនួនទៀត ក៏បានដាក់ការចោទប្រកាន់ថា លោក គឹម រស្មី គឺជាអ្នកនៅពីក្រោយនៃការរកស៊ីឈើខុសច្បាប់នៅខេត្តរតនគិរី ។

សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានថ្លែងថា ការលុបឈ្មោះលោក គឹម រស្មី ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទនេះ គឺជាការវះកាត់ប្រកបដោយការឈឺចាប់។ ប៉ុន្តែនេះ គឺជាអភិក្រមទី៥ ដែលលោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសដាក់ឲ្យមន្ត្រីរបស់លោកអនុវត្តន៍ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងចុងក្រោយ គឺការវះកាត់នេះឯង។

គួរបញ្ជាក់ថា នេះគឺជាករណីទីមួយហើយ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើចំណាត់ការភ្លាមៗ លើករណីសង្ស័យពីការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល។ ប៉ុន្តែ យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបដិសេធពីការសន្និដ្ឋានពីទោសកំហុសលឿនពេកថា លោក គឹម រស្មី នឹងត្រូវបានចោទប្រកាន់ពីបទពុករលួយ ឬអត់នោះទេ? ឬថា តើគាត់ត្រូវបានចោទប្រកាន់ពីបទអ្វីនោះដែរ?៕