ពុលស្រានៅឥណ្ឌា ស្លាប់៩៩នាក់ និងរាប់សិបនាក់ត្រូវបានសង្រ្គោះនៅមន្ទីរពេទ្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2019 ក+ ក-

ឥណ្ឌា ៖ យ៉ាងហោចណាស់មនុស្ស៩៩ នាក់បានស្លាប់ និងរាប់សិបនាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យនៅភាគខាងជើងប្រទេសឥណ្ឌា បន្ទាប់ពីផឹកស្រាមានជាតិពុល ដោយអ្នកផលិតស្រាលួចលាក់ ។

ព័ត៌មាននៃការស្លាប់នៅរដ្ឋ Uttar Pradesh និងរដ្ឋ Uttarakhand បានកើនឡើងក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ដោយប៉ូលីសបានសង្ស័យថា ការបិតស្រាដោយលួចលាក់នេះ ត្រូវបានលាយជាមួយនឹងសារធាតុមេតាណុលហួសកម្រិត ។ស្រាដែលមានតំលៃថោកនៅតាមតំបន់ជនបទជារឿងធម្មតាមាននៅក្នុងផ្នែកខ្លះនៃតំបន់ដាច់ស្រយាលនៃប្រទេសឥណ្ឌា ហើយអ្នកបិតស្រាដោយលួចលាក់តែងតែបន្ថែមសារធាតុមេតាណុលដែលមានជាតិពុលខ្ពស់ដោយជួនកាលត្រូវបានគេប្រើដើម្បីប្រឆាំងនឹងការបង្កកដល់ផលិតផលរបស់ពួកគេដើម្បីបង្កើនកម្លាំងរបស់វា ។

អ្នកនាំពាក្យប៉ូលីសលោក Shailendra Kumar Sharma បានប្រាប់ AFP ថា នៅក្នុងសង្កាត់មួយនៃរដ្ឋ Uttar Pradesh មនុស្ស ៥៩ នាក់បានស្លាប់បន្ទាប់ពីផឹកស្រាមានជាតិពុល ។នៅក្នុងសង្កាត់ជិតខាងមន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់បាននិយាយថា មនុស្ស ៩ នាក់បានស្លាប់ដោយបន្ថែមថា អ្នកបិតស្រាលួចលាក់ចំនួន ៦៦ នាក់ត្រូវបានចាប់ខ្លួន ហើយគំរូស្រាត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើតេស្ត ។

ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៣១ នាក់បានស្លាប់នៅក្នុងរដ្ឋ Uttarakhand ដែលនៅជិតខាង ហើយមនុស្ស ២ នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានផ្គត់ផ្គង់ស្រា ។របាយការណ៍របស់កាសែតបាននិយាយថា មនុស្សប្រហែល ៣,០០០ នាក់ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរខុសច្បាប់ត្រូវបានចាប់ខ្លួននៅទូទាំងរដ្ឋ Uttar Pradesh ក្រោយពីហេតុការណ៍នេះ ៕