សង្ឃទីប្រឹក្សា ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅត្រូវបានចាប់ផ្សឹក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2019 ក+ ក-

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ព្រះចៅអធិការវត្តច្បារអំពៅ ហោ សុខុន ត្រូវបានគេដឹកចេញពីវត្តច្បារអំពៅ ឆ្ពោះទៅវត្តបុទុវតី ហើយរៀបចំពិធីផ្សឹកតែម្តង ក្រោម បទ ចោទប្រកាន់ថា ខុសធម៌វិន័យ។

ពិធីផ្សឹកព្រះតេជគុណ ហោ សុខុន មានការរអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនាបានធ្វើឡើងនៅវត្តបុទុមវតី ចំពោះព្រះភក្ត្រសម្តេចសង្ឃនាយក នន្ទ ង៉ែត និងមន្ត្រីថ្នាក់ដឹកនាំសង្ឃជាច្រើនអង្គផ្សេងទៀត នៅក្នុងយប់នាថ្ងៃដដែល។

បន្ទាប់ពីបានផ្សឹកហើយនោះបព្វជិត ហោ សុខុន ក៏ត្រូវបានបញ្ចប់តួនាទីជាចៅអធិការវត្តច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ ទេព វង្ស និងសង្ឃនាយក នន្ទ ង៉ែត ផងដែរ។
ការសម្រេចបញ្ចប់តួនាទីនេះ បានធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ដែលចុះព្រះហស្ថលេខា និងហត្ថលេខាដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចសង្ឃនាយក នន្ទ ង៉ែត រួមនិងលោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

សូមបញ្ជាក់ថា បព្វជិត ហោ សុខុន យល់ព្រមចាកសិក្ខាបទដោយខ្លួនឯង មិនមានការចាប់បង្ខំអ្វីទេ។ ចំពោះតួនាទីជាចៅអធិការវត្ត គោរម្យងារ និងជាទីប្រឹក្សា ត្រូវបានដកហូតអស់ហើយ៕