ឆេះរថយន្ដដឹកប្រេងក្នុងស្ថានីយ សូគីមិច លឹម ឈុនទ្រី នៅខេត្តកំពង់ស្ពឺ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2019 ក+ ក-

ខេត្តកំពង់ស្ពឺ ៖ រថយន្ដធុនតូចដឹកប្រេងឥន្ធនៈមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងស្ថានីយលក់ប្រេងសូគីមិច លឹម ឈុនទ្រី នៅផ្លូវជាតិលេខ៤ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៖៥៧នាទីរសៀលថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។

លឹម ឈុនទ្រី ដែលជាម្ចាស់ស្ថានីយ បានបញ្ជាក់ថា ស្ថានីយរបស់គាត់ ធ្លាប់ត្រូវបានអគ្គិភ័យឆាបឆេះម្ដងរួចមកហើយ កាលពីឆ្នាំទៅ ដោយសារតែជាងផ្សាដែកប្រក់ដំបូល ខ្ទាតផ្កាភ្លើងទៅប៉ះជាមួយប្រេងហៀរនៅលើឥដ្ឋបណ្ដាលឲ្យឆេះតែម្ដង។

ម្ចាស់ស្ថានីយ បន្តថា លើកនេះ គឺបណ្ដាលមកពីរថយន្ដដឹកប្រេងខ្នាតតូច (ដឹកតាមប៊ីដុង)បង្កឲ្យហៀប្រេងចេញក្រៅប៉ះជាមួយកំដៅម៉ាស៊ីន ក៏កើតមានការឆាបឆេះទៅជាអគ្គិភ័យតែម្ដង។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការរង បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ឆេះឡានដឹកប្រេងនេះ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចេញជួយអន្ដរាគមន៍ចំនួន៣គ្រឿង និងរថយន្ដរបស់ម្ចាស់ស្ថានីយចំនួន២គ្រឿង ប្រើទឹក និងទឹកសាប៊ូ អស់ចំនួន ១០ឡាន ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង។

សូមជម្រាបថា ករណីអគ្គីភ័យនេះ គឺបណ្ដាលមកពីរថយន្ដដឹកប្រេងខ្នាតតូច (ដឹកតាមប៊ីដុងសាំង)បង្កឲ្យហៀរប្រេងចេញក្រៅប៉ះជាមួយកំដៅម៉ាស៊ីនរថយន្ត ក៏កើតមានការឆាបឆេះទៅជាអគ្គិភ័យតែម្ដង៕