ក្រសួងការបរទេសកម្ពុជា ប្រាប់ស្ថានទូតអាមេរិក ឲ្យគោរពច្បាប់ស្តីពីទំនាក់ទំនងការទូត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បាន ប្រតិកម្មយ៉ាងម៉ឺងមាត់ចំពោះការលើកឡើងពីបញ្ហាលោក កឹម សុខា ពីសំណាក់ស្ថានតំណាងសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងបានតម្រូវឲ្យស្ថានតំណាងនេះ គោរពច្បាប់ និងបទប្បញ្ញតិនានានៃអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត រួមនិងការទាមទារឲ្យបញ្ឈប់ជាបន្ទាន់ពីសកម្មភាពដែលមានហេតុផលនយោបាយ។

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ នេះ នៅបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារឆ្កឹះឆ្កៀលជាថ្មីទៀត ពាក់ព័ន្ធនឹងករណីលោក កឹម សុខា ដែលកំពុងស្ថិតក្នុងដំណើរការនៃនីតិវិធីរបស់តុលារ។

គួរជម្រាបថា ស្ថានទូកអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ នេះ បានបង្ហោះសារមួយតាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។

បើតាមស្ថានទូតអាមេរិក គូសបញ្ជាក់ថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងរយៈពេល ៥៣០ថ្ងៃ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភស្តុតាងណាមួយប្រឆាំងនឹងលោកឡើយ ហើយក៏មិនទាន់ការកំណត់បើកសវនាការកាត់ទោសលោកដែរ។ ទូតអាមេរកបន្តថា «គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌»។

ក្រសួងការបរទេសចាត់ទុកសារអត្ថាធិប្បាយតែមួយជ្រុងលើរឿងក្តីរបស់លោក កឹម សុខា នេះ បង្ហាញនូវចេតនាយ៉ាងច្បាស់ ដើម្បីបំភាន់សាធារណៈមតិ និងបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ហើយចាត់ទុកកាយវិការនេះថា មិនមានលក្ខណៈការទូត និងមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា និងបានទាមទារឱ្យស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលមានហេតុផលនយោបាយ និងគ្មានការទូតនេះផងដែរ។

គួររំឭកថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោកស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះធ្វើឡើងក្រោយមានការចុះផ្សាយ និងចែងរំលែកតៗគ្នានូវវីឌីអូខ្លីរបស់លោក កឹម សុខា ថ្លែងទៅកាន់ពលរដ្ឋរស់នៅបរទេសមួយក្រុម អំពីយុទ្ធសាស្ដ្រនយោបាយរបស់លោក ដែលលោកថាមានការគាំទ្រពីសហរដ្ឋអាមេរិក។

ការលើកឡើងរបស់លោក កឹម សុខា ត្រូវបានចាត់ទុកថា ជាអំពើឃុបឃិតជាសម្ងាត់ និងអំពើក្បត់ជាតិ ដូចមានចែង និងផ្តន្ទាទោសតាមបទប្បញ្ញតិនៃមាត្រា ៤៤៣ ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម។ មកដល់ពេលនេះ លោក កឹម សុខា កំពុងត្រូវឃុំខ្លួននៅក្នុងផ្ទះរបស់លោក ដោយមានការយាមកាមយ៉ាងតឹងរ៉ឹងពីសមត្ថកិច្ច៕