អាជ្ញាធរខេត្តព្រះវិហារ ចុះចែកទឹកដល់អ្នកទោស និងពិនិត្យការខួងអណ្តូងទឹកខ្នាតធំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2019 ក+ ក-

ព្រះវិហារ ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានដឹកនាំក្រុមការងារចុះចែកទឹក ជូនដល់អ្នកទោសដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

នៅក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានអញ្ជើញពិនិត្យមើលសកម្មភាពខួងអណ្តូងទឹកខ្នាតធំ សម្រាប់យកទឹកប្រើប្រាស់នៅក្នុងអង្គភាពពន្ធនាគារខេត្តផងដែរ ដែលអណ្តូងទឹកនេះ គឺជាអំណោយរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

បើតាមការឲ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ គូសបញ្ជាក់ថា ដើម្បីត្រៀមលក្ខណៈដោះស្រាយការខ្វះខាតទឹក លោក លឹម គានហោ បានផ្តល់នូវរថយន្ត២គ្រឿង និងធុងទឹកចំណុះ៥,០០០លីត្រចំនួន២ សម្រាប់ដឹកទឹកចល័តចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់។

លោកប្រធានមន្ទីរធនធានទឹកខេត្តបានបន្តថា ចំពោះអង្គភាពពន្ធនាគារខេត្ត ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក បានឧបត្ថម្ភអណ្តូងទឹកខ្នាតធំមួយ និងម៉ូទរ័បូមទឹកមួយ ព្រមទាំងរៀបចំតប្រព័ន្ធទឹក សម្រាប់បែងចែកនៅក្នុងអង្គភាពពន្ធនាគារផងដែរ