ការបញ្ជូនពលករកម្ពុជាទៅបំរើការងារនៅប្រទេសជប៉ុន ងាយស្រួលជាងមុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2019 ក+ ក-

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជាបានបញ្ជាក់ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នេះថា ច្បាប់ថ្មី របស់រដ្ឋាភិបាលជប៉ុន សម្រាប់ការបញ្ជូនពលករពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន មិនមែនជាកម្មសិក្សាការីទៀតទេគឺជាកម្រិតពលកម្មជំនាញដែលមានសិទ្ធិដូចពលករដទៃទៀត ក្នុងនោះក៏ទាមទារឲ្យមានទាំងជំនាញ និង ភាសាផងដែរ។

មានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័តមាន ក្រោយជំនួប ការងាររវាង លោក ហ៊ិដេហ៊ីសា ហ៊ូរីណូអ៊ូជិ (Hidehisa HORINOUCHI) ឯកអគ្គរាជទូត ជប៉ុនប្រចាំប្រទេសកម្ពុជា ពាក់ព័ន្ធនឹងច្បាប់ថ្មី ស្តីពី ការទទួលបានសិទ្ធិ ក្នុងការស្នាក់នៅ របស់ពលករជំនាញ នៅទីស្តីការក្រសួង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ឱ្យដឹងថា នេះជាឱកាសថ្មីមួយ ដែលជប៉ុន បានបើកទូលាយ ការបញ្ជូនពលករយ៉ាងដូច្នេះពីកម្ពុជា ក៏ដូចជាប្រទេសដៃគូនានា ដើម្បីឲ្យទៅធ្វើការនៅជប៉ុន ហើយម្យ៉ាងទៀតក៏ដើម្បីបំពេញតម្រូវការ នៃការខ្វះខាតកម្លាំងពលកម្មរបស់ជប៉ុន និងសម្រាប់កម្ពុជា ក៏ដូចជាប្រទេសនានា ក្នុងការផ្តល់ឱកាសការងារ និង ការហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈ ដែលមានកម្រិតខ្ពស់ នៅក្នុងប្រព័ន្ធនៃការងារ ក៏ដូចជាប្រព័ន្ធសេដ្ឋកិច្ច ឧស្សាហកម្ម និង សេវាកម្ម នៅឯប្រទេសជប៉ុនផងដែរ។

លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា នេះជាឱកាសថ្មីមួយ ហើយក៏ជាកិច្ចសហប្រតិបត្តិការ ឡើងមួយកម្រិតទៀត រវាង រដ្ឋាភិបាលប្រទេសទាំងពីរ។ ដើម្បីអនុវត្តន៍កិច្ចការនេះ ភាគីជប៉ុនបានបញ្ជាក់ពីប្រព័ន្ធថ្មីនេះ នឹងចាប់អនុវត្តន៍ ចាប់ពី ខែមេសា ឆ្នាំ២០១៩ តទៅ ខណៈដែលប្រទេសទាំងពីរ បានធ្វើការជាមួយគ្នា ដើម្បីរៀបចំអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការ ជាមួយគ្នា ទាក់ទងនឹងការជ្រើសរើសបណ្តុះបណ្តាលនិងបញ្ជូនពលករទៅប្រទេសជប៉ុន។

សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ កម្ពុជាបានបញ្ជូនកម្មសិក្សាការី សរុបជាង៩ពាន់នាក់ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ដោយពលករម្នាក់ៗ ទទួលបានប្រាក់ឈ្នួល ជាមធ្យមប្រមាណ ១,៥០០ដុល្លារ សហរដ្ឋអាមេរិកឡើងទៅក្នុងមួយខែៗ៕

​«នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងគណៈប្រតិភូកម្ពុជាបាន អញ្ជើញជួបសំណេះសំណាលជាមួយកម្មសិក្សាការីខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅប្រទេសជប៉ុន។» រូបភាពឯកសារ