ក្រុមមេធាវីតេជោសែន នឹងជួយស្ត្រីក្រីក្រទូទាំងប្រទេសដោយឥតគិតថ្លៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបាន ត្រៀមថវិកាចំនួនជាង ២ ០០០លានរៀល ដើម្បីដំណើរការក្រុមមេធាវីមួយក្រុម ដឹកនាំដោយសម្តេចផ្ទាល់ ដើម្បីជួយស្ត្រីការពារស្ត្រីក្រីក្រលើផ្លូវច្បាប់នៅទូទាំង ប្រទេស ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅស្រុក អង្គស្នួល ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសនៅព្រឹកថ្ងៃពុធនេះថា សម្តេចបានត្រៀមកញ្ចប់ថវិកាចំនួនជាង២ពាន់លានរៀល រឺ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីបង្កើតជាក្រុមមេធាវីតេជោសែន ដែលដឹកនាំផ្ទាល់ដោយសម្តេច ដើម្បីជួយការពារក្តីជូនស្ត្រីក្រីក្រី រាប់ទាំងកម្ម ការិនីនៅទូទាំងប្រទេស។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានចាត់ឲ្យលោក គី តិច ដែលជាមេធាវីតំណាងដោយអាណត្តិរបស់រាជរដ្ឋាភិបាល រៀបចំបង្កើតក្រុមការងារមេធាវីដែលមានចំនួន៥០នាក់ បែងចែកតាមបណ្តាខេត្ត យ៉ាងណាហោចណាស់ពីរនាក់ ក្នុងមួយខេត្ត ដើម្បីត្រៀមជួយការពារក្តីជូនស្ត្រីក្រីក្រ ខ្វះខាត គ្មានលទ្ធភាពក្នុងការស្វែងរកមេធាវីការពារក្តី។

ការគ្មានលទ្ធភាពការពារ ក្តីនេះហើយ ដែលធ្វើឲ្យចំនួនស្ត្រីដែលជាប់ឃុំជាច្រើន មិនត្រូវបានលើកយក មកាត់ទោសទាន់ពេលវេលា និងអូសបន្លាយដល់ការឃុំខ្លួនក្នុងពន្ធនាគារយូរទៀតផង។ បើតាមសម្តេចតេជោ ថវិកាក្នុងការប្រតិបត្តិការ និងបង្កើតជាក្រុមមេធាវីនេះ គឺជាថវិការបស់សម្តេចផ្ទាល់ ជាមួយនឹងសប្បុរសជននានាផ្សេងទៀត។ រីករាយជាងនេះ ក្រុមមេធាវីតេជោសែន នឹងលេចចេញជារូបរៀងនៅពេលដ៏ខ្លីខាងមុខនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានជំរុញឲ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យលើសំណុំរឿងរបស់ស្ត្រីនៅក្នុងពន្ធនាគារដែលកំពុងមានផ្ទៃពោះ ឬមានកូនតូចនៅក្នុងពន្ធនាគារ ដើម្បីពន្លឿននីតិវិធីកាត់ទោស ហើយឈានទៅស្នើសុំបន្ធូរបន្ថយទោស ឬលើកលែងទោស ឲ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរ នៅខែមេសាខាងមុខនេះ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ការពិនិត្យសម្រួលព្យួរទោសនេះ ត្រូវធ្វើឡើងប្រកបដោយភាពយោគយល់ និងអធ្យាស្រ័យដល់ស្ត្រីទាំងនោះ ដើម្បីឲ្យពួកគេមានសេរីភាពនិងត្រលប់ទៅផ្ទះវិញ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯ.ឧ គឹម សន្តិភាព បានបញ្ជាក់ថា ក្រសួងនឹងពិនិត្យមើលលើករណីរបស់ស្ត្រីដែលមានកូនតូច និងស្ត្រីដែលមានផ្ទៃពោះ ដែលពួកគេកំពុងជាប់នៅក្នុងពន្ធនាគារ។

ការពិនិត្យមើល នឹងធ្វើឡើងនៅក្នុងពន្ធនាគារទាំងអស់នៅទូទាំងប្រទេស និងឲ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ បច្ចុប្បន្ននេះ មានស្ត្រីប្រមាណជា ២ ៥០០នាក់ ដែលកំពុងជាប់ពន្ធនាគារនៅទូទាំងប្រទេស ហើយក្នុងនោះមានស្ត្រីដែលមានកូននៅក្នុងបន្ទុកចំនួន១៦៦នាក់ និងស្ត្រីដែលមានផ្ទៃពោះចំនួន៥១នាក់៕