សមត្ថកិច្ចដុតបំផ្លាញកញ្ឆាជាង ១ ០០០ដើម នៅស្រុកព្រះបាទជាន់ជុំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2019 ក+ ក-

ខេត្តតាកែវ ៖ សមត្ថកិច្ចខេត្តតាកែវ បានកាប់បំផ្លាញដំណាំកញ្ឆាជាង ពាន់ដើម ដែលគេលួចដាំចំនួន៦ ទីតាំង នៅតាមចង្កេះភ្នំ ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ខណៈសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងខាងលើនេះ គ្មាននរណាម្នាក់ចេញមុខទទួលខុសត្រូវឡើយ។

អធិការរងស្រុកគិរីវង់ លោក ហៀម ស្រ៊ីម បានបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តនីតិវិធី និងស្រាវជ្រាវរកមុខសញ្ញាជនខិលខូច ដែលបានដាំដំណាំកញ្ឆា ដោយលួចលាក់នៅចំណុចដងអង់តែន ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

លោកបន្តថា តំបន់នោះត្រូវបានអាជ្ញាធររកឃើញដំណាំកញ្ឆាជាច្រើនលើកមកហើយ ប៉ុន្ដែក្រុមជនខិលខូចមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួនទេ។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ចុះរុករកកាប់ និងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំដោយខុសច្បាប់ចំនួន៦ទីតាំង ស្មើនឹង ១ ៣៩៨ ដើមដែលបានដាំលើផ្ទៃដីប្រមាណ ៩៧៩ ម៉ែត្រការ៉េ និងអាងស្តុកទឹក ១ កន្លែង៕