ត្រីឆ្លាមប៉ារ៉ា កើនចំនួនដល់ ៣ក្បាលហើយ នៅសមុទ្រកោះរ៉ុងសន្លឹម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2019 ក+ ក-

ក្រុងព្រះសីហនុ ៖ ត្រីបាឡែនស្លូត ឈ្មោះ បាណន់គីង្គក់ ឬឆ្លាមប៉ារ៉ា ចំនួន២ក្បាល ថ្មីទៀត ត្រូវបានអ្នកទេសចរប្រទះឃើញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ និងថតបានខណៈដែលវាកំពុងហែលបង្ហាញខ្លួននៅសមុទ្រតំបន់ កោះរ៉ុងសន្លឹម។ កាលពីខែមុន ត្រីបាឡែនស្លូត នេះ ត្រូវបានអ្នកទេសចរប្រទះឃើញចំនួន១ក្បាល ហើយបើគិតទាំង២ក្បាល ដែលបានបង្ហាញខ្លួនថ្មីនេះ សរុបទៅនៅសមុទ្រតំបន់កោះរ៉ុង មានត្រីបាឡែនស្លូត ចំនួន ៣ក្បាលហើយ។

ប្រជាពលរដ្ឋខ្មែរយើង ដែលជាអ្នកទេសចរ បានជិះទូក ពីឆ្នេរសមុទ្រ ទៅកាន់កោះរ៉ុងសន្លឹម ហើយក៏បានប្រទះឃើញវត្តមានត្រីប៉ាឡែនទាំង ៣ ក្បាលនោះ ហើយក៏បានថតជាខ្លីបវិដេអូ បង្ហោះចែកចាយពេញហ្វេសប៊ុក នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានប្រាប់ថា ត្រីបាឡែនប្រភេនេះ គេហៅថា បាណន់គង្គក់ ដែលជាឈ្មោះពីដូនតា ឬ ឆ្លាមប៉ារ៉ា ជាឈ្មោះហៅក្រៅ និងមានឈ្មោះជាភាសាអង់គ្លេស Whale Shark នៅក្នុងអំបូរ Rhincodontidae។ ត្រីប្រភេទនេះ ពីមុន យើងឃើញមានតែមួយក្បាល តែឥឡូវឡើងដល់ ៣ក្បាល គឺត្រីធំមួយក្បាល និងត្រីតូច ២ក្បាល នៅសមុទ្រកោះរ៉ុងសន្លឹម។

មន្ត្រីជលផល ខេត្តព្រះសីហនុ បានអំពាវនាវដល់ពលរដ្ឋ ឬអ្នកទេសចរ កុំអោយរំខានដំណើររបស់ត្រីអំបូរស្លូតនេះ ដូចជា ចាប់ជិះលេង ឬធ្វើសកម្មភាពណាមួយ ដែលនាំអោយត្រីផ្អើល ភ័យ ពិសេសគឺហាមដាច់ខាតការនេសាទ ឬសម្លាប់ត្រីបាឡែនស្លូត ទាំងនេះ៕