ក្រសួងកសិកម្ម ថា មិនជាប់ពាក់ព័ន្ធរឿងលក់ដីរដ្ឋនៅកោះកុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2019 ក+ ក-

​ភ្នំពេញ ៖ ក្រសួងកសិកម្ម បានចេញលិខិតបដិសេធចុះថ្ងៃទី២២ ខែកុម្ភៈ ដោយអះអាងថា ខ្លួនមិនបានចេញគោលការណ៍អនុញ្ញាតឱ្យមានការលក់ដីរដ្ឋ និងពុំមានការពាក់ព័ន្ធដូចសារព័ត៌មានចុះផ្សាយនោះទេ។

សេចក្តីប្រកាសបដោសេធនេះ បានធ្វើឡើងនៅក្រោយពេលដែលមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា “ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងយកដីរដ្ឋលក់” ដោយថែមទាំងបញ្ជាក់ថា មានជាប់ពាក់ព័ន្ធនឹង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៀតផង។

នៅក្នុងលិខិតបដិសេធ របស់ក្រសួងកសិកម្ម បានចាត់ក្រុមការងារ ចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្មរាជធានី-ខេត្តជាប្រចាំ ហើយក្រោយពីអធិការកិច្ចនៅមន្ទីរកសិកម្មនាខេត្តកោះកុងរួចមក ក្រសួងបានដាក់ចេញនូវវិធានការ ចំនួន១៧ចំណុច ដើម្បីអនុវត្ត និងកែលម្អ ហើយក្នុងនោះក៏បានណែនាំឱ្យធ្វើការស្រាវជ្រាវដីចំនួន ៣កន្លែង របស់ខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់វិធានការតាមនីតិវិធីផងដែរ៕