សម្តេច ហ៊ុន សែន ណែនាំឲ្យរៀបចំ Free WiFi ដាក់គ្រប់តំបន់ទេសចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំដាក់ប្រព័ន្ធអ៊ីនធើណែត Free Wifi នៅតាមបណ្ដាតំបន់ទេសចរណ៍ទូទាំងប្រទេស ពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ឲ្យបានមុនឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលបានធ្វើឡើងនៅក្នុងការប្រារព្ធពិធី «ទិវាជាតិទីក្រុងស្អាត» លើកទី៧ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ នេះ។

លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងប្រៃសណីយ៍តាមពិនិត្យឲ្យបានម៉ត់ចត់ទៅលើបញ្ហា Free Wifi ព្រោះការប្រើ Wifi នេះមិនទាន់មានប្រសិទ្ធភាព នៅឡើយទេ ពោលមាន Wifi តែមិនទាន់មានអ៊ីនធើណែត។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដោយហួសចិត្ត ថា កាលពីពេលកន្លងទៅ លោកបានទៅដល់អង្គការសហប្រជាជាតិ ប៉ុន្តែមិនមានអ៊ីធើណែតសម្រាប់ប្រើប្រាស់៕

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ឲ្យម្ចាស់ទីតាំងសណ្ឋាគារ ឬកន្លែងផ្សេង មានការប្រុងប្រយ័ត្ននៅពេលជួលក្រុមហ៊ុន អ៊ីនធើណែត មកសំឡើង Wifi នៅទីតាំងរបស់ខ្លួន ប៉ុន្ដែអ៊ីនធើណែតមិនដំណើរការ ហើយក្រុមហ៊ុនគិតលុយដូចធម្មតា៕