កងទ័ពកម្ពុជា ចិន ធ្វើលំហាត់សមយុទ្ធ «នាគមាស ឆ្នាំ២០១៩» ​២៨ថ្ងៃ នៅខេត្តតាកែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2019 ក+ ក-

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា លំហាត់ហ្វឹកហ្វឺន នាគមាស ឆ្នាំ២០១៩ ដែលមានការចូលរួមពីកងយោធលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២៨ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងថា លំហាត់ហ្វឹកហ្វឺននាគមាស ឆ្នាំ២០១៩ ធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ព រំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេវរកម្ម ការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បន្តថា លំហាត់ខាងលើនេះត្រូវរៀបចំធ្វើឡើង ក្នុងមួយឆ្នាំម្តងៗ និងគ្រប់ប្រភេទទ័ព ស្របតាមកិច្ចសហប្រតិបត្តិការរបស់ ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។ លំហាត់នេះ ក៏ដើម្បីឆ្លុះបញ្ចាំងអំពីគោលជំហរ របស់រាជរដ្ឋាភិបាល ជាពិសេសកងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តន៍នយោបាយការពារជាតិរវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជួយគ្នាលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ។

លោកបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺននេះមានភាគីកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន២៥២នាក់ និងភាគីកម្ពុជាចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមាន ៖ កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់, កម្លាំងបម្រើការក្នុងលំហាត់ចំនួន៤៤៨នាក់, កម្លាំងចូលរួមក្នុងពិធីបើក-បិទចំនួន១,៦៨៥នាក់។ ចំណែកអាវុធយុទ្ធភណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា ៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាស ជាដើម៕