វេជ្ជបណ្ឌិត អះអាងថា អ្នកបរិភោគសាច់ឆ្កែ ឬឆ្មាឆ្កួត ប្រឈមនឹងជំងឺឆ្លង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2019 ក+ ក-

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត លី សុវត្ថិ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា បើបរិភោគសាច់ឆ្កែប៉ះចំឆ្កែមានជំងឺឆ្កួត ហើយចម្អិនឆ្អិនងាប់មេរោគ នោះវាមិនឆ្លងជំងឺទេ តែអ្វីដែលប្រឈមមុខនោះ គឺអ្នកសម្លាប់ឆ្កែដែលមានមេរោគឆ្កួត អាចឆ្លងមេរោគបាននៅពេលប៉ះដាច់ ឬក៏ឈាមឆ្កែត្រូវចំកន្លែងរលាត់ស្បែក ឬក៏ដំបៅរបស់មនុស្ស ឬបើចម្អិនសាច់មិនឆ្អិនដោយនៅមានឈាមស្រស់ៗ ក៏អាចឆ្លងមេរោគនោះបានដែរ។

គួរជម្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះ នៅវិទ្យាស្ថានប៉ាស្ទ័រទាំងនៅភ្នំពេញ និងនៅខេត្តបាត់ដំបង មានពលរដ្ឋពពាក់ពពូនយ៉ាងច្រើន ទៅទទួលសេវាចាក់ថ្នាំព្យាបាលបន្ទាប់ពីឆ្កែខាំផង និងចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតផង បើទោះបីជាវេជ្ជបណ្ឌិត ធ្វើការនៅទីនោះបានប្រាប់ថា ចាក់ថ្នាំផ្តល់អាទិភាពជូនឲ្យអ្នកដែលត្រូវឆ្កែបានខាំក៏ដោយ ក៏មានការរិះគន់ និងខឹងសម្បាពីសំណាក់អ្នកមិនមានឆ្កែខាំសោះ តែសម្រុកទៅចាក់ថ្នាំបង្ការដែរ។

សកម្មភាពពលរដ្ឋនាំគ្នាពពាក់ពពូននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នេះ នៅបន្ទាប់ពីមានករណីកុមារីម្នាក់នៅខេត្តស្វាយរៀង ត្រូវបានឆ្មាខ្វាចសោះក៏អាច ស្រាប់តែឆ្លងជំងឺឆ្កែឆ្កួតបណ្តាលឲ្យស្លាប់ ដោយសារហួសពេលព្យាបាល។
ពាក់ព័ន្ធនឹងករណីការចម្លងជំងឺឆ្កែឆ្កួតមកមនុស្សមានរយៈពេលប៉ុន្មាន បន្ទាប់ពីត្រូវឆ្កែខាំ លោក លី សុវត្ថិ វេជ្ជបណ្ឌិត នៅវិទ្យាស្ថានប៉ាស្ទ័របានបកស្រាយថា វាអាស្រ័យទៅនឹងកន្លែងរបួសខាំ និងរយៈពេលនៃសត្វឆ្កែដែលខាំហ្នឹងឆ្កួតដែរ។ បើខាំនៅក្បាលមនុស្ស មេរោគ វាអាចបំផ្លាស់ទីទៅក្នុងខួរក្បាលមនុស្សបានលឿនជាងនៅកែងជើង ហើយឆ្កែខ្លះឆ្កួតលឿន ខ្លះឆ្កួតយឺត អាចអូសបន្លាយដល់ឆ្នាំក៏មានដែរ។
លោកវេជ្ជបណ្ឌិត ក៏បានណែនាំផងដែរ ដូចជា ៖

ទី១- ម្ចាស់ឆ្កែត្រូវតែយកឆ្កែទៅចាក់វ៉ាក់សាំងឲ្យបានទៀងទាត់ជាមួយនឹងពេទ្យសត្វ។
ទី២- ប្រសិនបើមានឆ្កែងាប់ មិនគួរនាំគ្នាទទួលទានទេ ព្រោះវាអាចឆ្លងជំងឺផ្សេងៗ។
ទី៣- បើចង់ដឹងបន្ថែមទៅលើជំងឺឆ្កែឆ្កួតខាំ ឬក៏ជំងឺឆ្លងផ្សេងៗទៀតសូមទាក់ទងទៅលេខ 115 ដោយមិនយកកម្រៃ។

ទោះបីជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត លី សុវត្ថិ បានបញ្ជាក់តថា បើមានឆ្កែខាំ គួរតែមកវិទ្យាស្ថានប៉ាស្ទ័រក្នុងអំឡុង១សប្តាហ៍ទៅ២សប្តាហ៍ ដើម្បីចាក់ថ្នាំបង្ការ តែបើកាន់តែច្បាស់ទៅទៀតនោះ គឺកាត់ក្បាលឆ្កែដែលខាំ នោះ មកធ្វើការវិភាគតែម្តង ដើម្បីឲ្យដឹងប្រាកដថា វាមានផ្ទុកមេរោគឆ្កែឆ្កួត ឬអត់?៕