​ល្បីទៀតហើយ ! លោកផ្កាយ៣យោធាម្នាក់ ខឹងបបួលនារីអ្នកចំរៀងទៅដេកមិនបាន ទះបីកំផ្លៀង(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2019 ក+ ក-

ភ្នំពេញ ៖ នារីអ្នកចំរៀងប្រចាំភោជនីដ្ឋាន បឹងមាស ម្នាក់ ត្រូវហើមមុខ ដោយសារបុរសម្នាក់ ដែលអួតអាងថា ជាយោធាផ្កាយ ៣ បានទះកំផ្លៀងនាង ចំនួន៣ដៃ ខណៈល្បួងនាងយកទៅរួមរ័កមិនបាន។

ហេតុការណ៍គួរឲ្យខ្មាស់អៀននេះ បានភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ A ចំនុចក្នុងភោជនីដ្ឋាន បឹងមាស សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើយោងតាមសំដីនារីជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ មន្ត្រីយោធាផ្កាយ៣ ខាងលើរួមនិងបក្ខពួកប្រហែលជា ១០នាក់ទៀត បាន ជិះរថយន្តចំនួន៣គ្រឿង ចូលមកផឹកស៊ីក្នុងភោជនីដ្ឋាន បឹងមាស ។ ខណៈដែលនាងកំពុងតែច្រៀងនៅលើឆាក លោកផ្កាយ ៣រូបនោះ បានឲ្យអ្នករត់តុ ទៅប្រាប់នាងថា ពេលនាងច្រៀងចប់ ឲ្យនាងមកអង្គុយកំដរភ្ញៀវ ដោយចង្អុលទៅតុរបស់លោកផ្កាយ៣ និងបក្ខពួក។

ពេលនោះ នាងក៏បានច្រៀងចប់ហើយបានដើរមកអង្គុយលេងជាមួយលោកយោធាខាងលើ
ហើយត្រូវលោកផ្កាយ៣ រូបនោះ និយាយប្រាប់នាងថា មិនបាច់ឡើងច្រៀងទៀតទេ នៅអង្គុយលេងជាមួយគាត់ ចាំផឹកចប់គាត់ឲ្យលុយធីប ២០ដុល្លារ។ ក្រោយមកទៀតលោកផ្កាយ៣ខាងលើ ក៏បានលួងលោមនាងជាច្រើនដងបំណងយកទៅដេកជាមួយ តែនាងបានបដិសេធថា នាងមិនមែនជាស្រីលក់ខ្លួនទេ។

បន្ទាប់មក ទំនងជាលោកផ្កាយ៣ ទ្រាំលែងបានដោយសារនាងបដិសេធមិនទៅជាមួយ ក៏ទះកំផ្លៀង៣ដៃ ដើម្បីរំសាយកំហឹងតណ្ហា រួចក៏បានឡើងជិះរថយន្តចេញទៅបាត់។
ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ឲ្យសមត្ថកិច្ចស្រាវជ្រាវ ស្លាកលេខលេខរថយន្ត និងជនបង្កដែលគេលួចថតបាន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ និងរកយុត្តិធម៍ដល់រូបនាងដែលជាស្ត្រីភេទទន់ខ្សោយ។

មេគង្គប៉ុស្តិ៍ មិនទាន់បានទទួលការបកស្រាយបែបណាមួយពីភាគីលោកផ្កាយបី នៅឡើយទេ ចំពោះការលើកឡើងពីនារីអ្នកចំរៀងដែលអះអាងថា នាងជាជនរងគ្រោះដោយអំពើហិង្សានេះ។

មន្ត្រីមូលដ្ឋានមួយរូបបានបង្ហាញការរិះគន់ថា សូមយើងទាំងអស់គ្នារង់ចាំមើលថា តើសមត្ថកិច្ចនឹងចាត់ការបែបណាលើមន្ត្រីជាន់ខ្ពស់បានប្រើហិង្សាលើនារីភេទដោយគ្រាន់តែរឿងចំណង់ផ្លូវភេទ ព្រោះដំណាក់កាលនេះទៅហើយ សូម្បីតែពលរដ្ខសាមញ្ញ ក៏គេគិតពីកិត្តិយស និងមានការខ្មាស់អៀនមិនហ៊ានប្រព្រឹត្តដល់ថ្នាក់នេះដែរ៕