កម្ពុជាបញ្ចប់ការដោះមីននៅឆ្នាំ២០២៥ តែមិនទាន់គិតពីគ្រាប់ដែលទម្លាក់ដោយអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2019 ក+ ក-

ភ្នំពេញ ៖ នៅក្នុងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បានកំណ ថា ក្រោយឆ្នាំ២០២៥ កម្ពុជាដែលជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិ នឹងធ្វើយ៉ាងណា លុបបំបាត់លែងឲ្យមានគ្រាប់មីនប្រឆាំងមនុស្ស។ ប៉ុន្តែចំពោះគ្រាប់បែកដែលទម្លាក់ដោយសហរដ្ឋអាមេរិក និងគ្រាប់មីនផ្សេងទៀត កម្ពុជានឹងមិនអាចរំដោះបានទាំងស្រុងនៅក្រោយឆ្នាំ២០២៥ នោះទេ។

​នៅក្នុងកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅបន្ត២០១៩ ដល់មន្ត្រីរបស់ខ្លួន នៅព្រឹកថ្ងៃទី២៨ កុម្ភៈ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា ឆ្នាំ២០១៩នេះ ស៊ីម៉ាក់នឹងបន្តធ្វើការឲ្យកាន់តែជិតស្និតជាមួយនគរបាលមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងប្រមូលព័ត៌មានស្តីពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

លោក ហេង រតនា បានបញ្ជាក់ថា ជាមួយនឹងផែនការនេះ កម្ពុជាគ្មានគ្រាប់មីននៅឆ្នាំ ២០២៥ គឺសំដៅទៅលើគ្រាប់មីន ប្រឆាំងមនុស្ស ដើម្បីឆ្លើយតបទៅនឹងផែនការកម្ពុជាគ្មានមីននៅក្រោយឆ្នាំ ២០២៥ នេះ ស៊ីម៉ាក់បានដាក់ចេញនូវផែនការក្នុងការបោសសម្អាតប្រហែលជាង ៧០០គីឡូម៉ែត្រក្រឡា ឱស៊ីម៉ាក់អាចសម្រេចបានប្រហែលជា ៦០ទៅ៧០ភាគរយ នៃផែនការដល់ឆ្នាំ២០២៥…)។

​សូមរំឭកថា គិតពីឆ្នាំ១៩៩២ ដល់ខែធ្នូ ២០១៨ កម្ពុជាសម្រេចបានការរំដោះគ្រាប់ មីនបានចំនួនជាង ១ពាន់ ៨០០គីឡូម៉ែត្រក្រឡា សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា និងបានរកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន១លាន៦ម៉ឺន២៦៦១គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២ម៉ឺន ៤ ៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២លាន ៧សែន ៦ម៉ឺន ៧០២០គ្រាប់។ ក្នុងនោះជនរងគ្រោះដោយសារ គ្រាប់មីនបានធ្លាក់ចុះពី ៤ ៣២០នាក់ នៅឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់នៅឆ្នាំ ២០១៨។

បើតាមការស្រាវជ្រាវ ចម្ការមីន មូលដ្ឋានបានបង្ហាញថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម ប្រមាណជាង ១ ៩៧០គីឡូម៉ែត្រទៀត ដែលត្រូវធ្វើការបោសសំអាតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ និងត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារអាមេរិក សម្រាប់ដំណើរការកិច្ចការដែលបង្កមហន្តរាយនេះ៕