អង្គភាព ACU បើកការស៊ើបអង្កេតទ្រព្យសម្បត្តិរបស់ស្នងការរងវ័យក្មេងនៅខេត្តកណ្តាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2019 ក+ ក-

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ផ្ដើមស៊ើបអង្កេតពីទ្រព្យសម្បត្តិ និងបំណុលរបស់លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលវ័យក្មេងនៅខេត្តកណ្ដាល បន្ទាប់ពីមានការផ្សព្វផ្សាយជាសាធារណៈពីការភ្ជាប់ពាក្យជាមួយនារីម្នាក់ និងបានបង្ហោះសម្ញែងរូបភាពលុយថ្លៃបណ្ដាការចំនួន ១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ និងរថយន្ដលុចស៊ីស ៥៧០ ដែលមានតម្លៃ ២២ម៉ឺនដុល្លារ ដែលបានធ្វើនៅផ្សារអ្នកលឿង (ត្រើយខាងកើត) ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមសេចក្តីជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី៤៣ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា៖«ក្រុមប្រឹក្សាអង្គភាពប្រឆាំងអំពើពុករលួយ គាំទ្ររាល់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការពង្រឹងការអនុវត្តច្បាប់ ការបង្ការ ការទប់ស្កាត់ និងការបោសសម្អាតអំពើពុករលួយ ដើម្បីពង្រឹងអភិបាលកិច្ចល្អ»។

គួរជម្រាបថា ចំណាត់ការលើលោក ស្រេង សុខា គឺដូចគ្នាទៅនឹងចំណាត់ការលើលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលទើបនឹងត្រូវបានដកចេញពីតំណែង ដោយសារតែសម្ញែងទ្រព្យសម្បត្តិ។ តាមរយៈវីដេអូដែលបែកធ្លាយ ក្នុងថ្ងៃចូលឆ្នាំចិនកន្លងទៅ លោក គឹម រស្មី បានចែកលុយឲ្យកូន៥នាក់ ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល គ្រាន់តែប្រឈមនឹងការស៊ើបអង្កេតពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះ តែតំណែងរបស់លោក មិនបានប៉ះពាល់នោះទេ៕