ក្រសួងកំពុងតាមរកបុរសពាក់ផ្កាយ៣ ដែលវាយស្ត្រីអ្នកចម្រៀងនៅ​ហាង«បឹងមាស»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងការពារជាតិ កំពុងស្រាវជ្រាវរកអត្តសញ្ញាណបុរសម្នាក់ដែលអួតអាងថា ខ្លួនជាឧត្តមសេនីយ៍យោធាផ្កាយ៣ ហើយបានទះកំផ្លៀងស្ត្រីជាតារាចម្រៀងម្នាក់ប្រចាំភោជនីយដ្ឋាន«បឹងមាស» បន្ទាប់ពីនាងបានបដិសេធមិនព្រមទៅដេកជាមួយ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកឈុំ សុជាតិ បានប្រាប់ឲ្យដឹងថា គិតរហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងអំពីអត្តសញ្ញាណពិតប្រាកដរបស់បុរស ដែលបានតាំងខ្លួនឯងជាឧត្តមសេនីយ៍យោធាផ្កាយ៣ នោះនៅឡើយទេ។ លោក សុជាតិ បានថ្លែងថា «កងទ័ពមានតួនាទីការពារជាតិ និងប្រជាជន មិនមែនមាក់ងាយ ឬ ប្រើហិង្សាទៅលើប្រជាជននោះទេ»។

លោក ឈុំ សុជាតិ បានចាត់ទុកទង្វើរបស់បុគ្គលខាងលើជាទង្វើ «អសីលធម៌» ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់កងទ័ពជាតិ។ លោកថា «យើងមិនគាំទ្រជាដាច់ខាតនូវរាល់ទង្វើអសីលធម៌ប្រឆាំងមនុស្សជាតិ ជាពិសេស អំពើអសីលធម៌ទៅលើស្ត្រីភេទ។ ប្រសិនបើបុគ្គលរូបនោះ បម្រើការងារក្នុងក្របខ័ណ្ឌកងទ័ពនៃក្រសួងការពារជាតិមែននោះ យើងនឹងរកឲ្យឃើញនិងបង្ខំឲ្យចេញមុខមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។

ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីជំនាញនៃក្រសួងការពារជាតិ កំពុងបន្តធ្វើការស្រាវជ្រាវតាមរយៈស្លាកលេខរថយន្ត ដែលបុរសនោះបានជិះចេញពីភោជនីយដ្ឋាន បឹងមាស ក្រោយពេលទះកំផ្លៀងស្ត្រីជាតារាចម្រៀងម្នាក់ ដើម្បីបន្ធូរកំហឹងតណ្ហា បន្ទាប់ពីបបួលនាងចេញទៅដេកជាមួយ មិនបានសម្រេច៕