អាមេរិកប្រកាសផ្តល់១លានដុល្លារសម្រាប់អ្នកបង្ហាញទីតាំងកូនប្រុសរបស់ប៊ីនឡាដិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2019 ក+ ក-

អាមេរិក ៖ សហរដ្ឋអាមេរិក បានប្រកាសផ្តល់រង្វាន់ ១ លានដុល្លារសម្រាប់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនកូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដា អូសាម៉ា ប៊ីនឡាដិន បន្ទាប់ពីសង្ស័យកូនប្រុសម្នាក់នេះ បានក្លាយជាមេដឹកនាំរបស់បណ្ដាញក្រុមសកម្មប្រយុទ្ធអាល់កៃដា។

ទីតាំងរបស់លោកហាំហ្សា ប៊ីនឡាដិន (Hamza bin Laden) ដែលពេលខ្លះគេដាក់រហស្សនាមថា “រជ្ជទាយាទជីហាដ” គឺជាប្រធានបទនៃការសង្ស័យជាច្រើនឆ្នាំមកហើយ ជាមួយរបាយការណ៍ជាច្រើនដែលថា គាត់កំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន ស៊ីរី ឬកំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ នៅក្នុងប្រទេសអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បាននិយាយថា “ហាំហ្សា ប៊ីនឡាដិន គឺជាកូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដាដែលបានស្លាប់គឺលោក អូសាម៉ា ប៊ីនឡាដិន។ ហាំហ្សា ប៊ីនឡាដិន មានអាយុប្រហែល ៣០ឆ្នាំ បានគំរាមវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក ដើម្បីសងសឹកការសម្លាប់ឪពុកខ្លួន«អូសាម៉ា ប៊ីនឡាដិន»ក្នុងឆ្នាំ ២០១១។

ក្រសួងការបរទេសអាមេរិក បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ ១លានដុល្លារសម្រាប់ព័ត៌មានដែលនាំទៅរកឃើញទីតាំងរបស់ ហាំហ្សា ប៊ីនឡាដិន នៅក្នុងប្រទេសណាមួយ៕