សម្តេចនាយករដ្ឋមន្ត្រី បញ្ជាឲ្យដកហូតកម្មសិទ្ធិភ្នំដោះក្រមុំ មកគ្រប់គ្រងវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2019 ក+ ក-

មណ្ឌលគិរី ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាឱ្យអាជ្ញាធរខេត្តមណ្ឌលគិរី ត្រូវរឹបអូសដីភ្នំដោះក្រមុំ យកមកទុកជាសម្បត្តិរដ្ឋវិញ បន្ទាប់ពីភ្នំនេះ ត្រូវរងការទន្ទ្រានពីមនុស្សមួយក្តាប់តូចយកធ្វើជាកម្មសិទ្ឋបុគ្គល ដោយផ្អែកលើ ស ជ ណ ដែលបានចេញរាជរដ្ឋាភិបាល តាំងពីជំនាន់លោកអភិបាលខេត្តមុន។

លោក សី ទូច ប្រធានមន្ទីរវប្បធម៌នឹងវិចិត្រ សិល្បៈខេត្តមណ្ឌលគិរី បានប្រាប់ឲ្យដឹងថា ជនជាតិដើមភាគតិច ដែលរស់នៅខេត្តមណ្ឌលគិរី សប្បាយរីករាយជាខ្លាំង ក្រោយទទួលព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យអាជ្ញាធរខេត្ត ត្រូវដកហូតដីនៅតំបន់ភ្នំដោះក្រមុំ ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ។

លោកប្រធានមន្ទីរ ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន ថា ក្នុងនាមលោកជាអ្នកគ្រប់គ្រងនឹងធ្វើការងារក្នុងវិស័យវប្បធម៌ មានក្តីរីករាយរកអ្វីមកបប្រៀបផ្ទឹមបានឡើយ។ ព្រោះតែថ្នាក់ដឹកនាំកំពូល បានយកចិត្តទុកដាក់ដល់តំបន់សក្ការៈបូជាមរតកដូនតារបស់យើងទាំងអស់គ្នា ពិសេសអ្នកខេត្តមណ្ឌលគិរី ហើយរឹតតែជាពិសេសគឺ ទីនេះជាកន្លែងប្រមូលផ្តុំបងប្អូនជនជាតិដើមទាំង៥ក្រុងស្រុករស់នៅតំបន់នេះ សម្រាប់ប្រារព្ឋពិធីបែបប្រពៃណី និងជាមជ្ឍមណ្ឌលទេសចរណ៍ដ៏សំខាន់របស់ខេត្តមណ្ឌលគិរី ផងដែរ។

បើតាមលោកអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ ដោយសារមានភាគីមួយចំនួននៅតែតវ៉ា នៅតែជំទាស់ ហើយនៅថ្ងៃមិញនេះ (ថ្ងៃទី២៨) ខេត្ត ទទួលបានបទបញ្ជាពីសម្តេចតេជោ ដូច្នេះនៅថ្ងៃទី១ មីនាឆ្នាំ២០១៩ គណៈអភិបាលខេត្ត នឹងកោះប្រជុំបន្ទាន់ ដើម្បីចាត់ការរឿងនេះ ហើយនឹងមាននីតិវិធីដើម្បីដោះស្រាយបញ្ហានេះទៅតាមអ្វីដែលជាអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត បន្តថា«ករណីដីភ្នំដោះក្រមុំ នេះ មានពាក់ព័ន្ឋនឹងការផ្តល់ដី ដែលមានតាំងពីជំនាន់លោកអភិបាលខេត្តមុន ហើយវាពាក់ព័ន្ឋនឹង.ស.ជ.ណ.ចំនួនពីរ ដែល.ស.ជ.ណ.ដំបូងរក្សាដីភ្នំដោះក្រុមនេះទុក និង ស.ជ.ណ មួយទៀត សម្រេចផ្តល់ដីមួយផ្នែកដល់អង្គភាពទឹកស្អាត។

ទោះជាយ៉ាងនេះក្តី នៅថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តមណ្ឌលគិរី ទប់ស្កាត់ជាបន្ទាន់ មិនអនុញ្ញាតឱ្យបុគ្គលណា ទន្ទ្រានយកដី នៅភ្នំដោះក្រមុំបានឡើយស្ថាប័នពាក់ព័ន្ធ ត្រូវទប់ស្កាត់ជាបន្ទាន់ មិនអនុញ្ញាតឱ្យបុគ្គលណាទៅទន្ទ្រានយកដីនៅភ្នំដោះក្រមុំ នោះឡើយ៕