អភិបាលខេត្តមណ្ឌលគិរី កោះប្រជុំបន្ទាន់ឆ្លើយតបការព្រួយបារម្ភពីករណីដីតំបន់ភ្នំដោះក្រមុំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2019 ក+ ក-

មណ្ឌលគិរី៖ អភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នាថ្ងៃទី០១ មីនា ឆ្នាំ២០១៩ បានកោះហៅមន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត មកចូលរួមប្រជុំបន្ទាន់មានរយៈពេល៥ម៉ោង ដើម្បីដោះស្រាយឆ្លើយតបទៅករណីដែលមានការលើកឡើងថា តំបន់ភ្នំដោះក្រមុំ ត្រូវបានគេរំលោភ បំពានផ្នែកខ្លះ នោះ ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានលើកឡើងថា ទីតាំងភ្នំដោះក្រមុំ មិនត្រូវបានគេរំលោភ បំពាន នោះឡើយ បន្ទាប់ពីកន្លងមកអាជ្ញាធរខេត្ត ក៏បានធ្វើកិច្ចការនេះ និងបានដោះស្រាយជាមួយប្រជាពល រដ្ឋ រួចមកហើយដែរ ដោយទំហំដីមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ បច្ចុប្បន្ននៅមានទំហំជាង៨៥ហិកតា ហើយតួលេខនេះ នឹងមិនប្រឈមជាមួយការបាត់បង់ទៀតនោះទេ ដោយអ្នកដែលពាក់ព័ន្ធក្នុងការ រំលោភបំពានដីនេះ នឹងត្រូវដកហូតមកវិញទាំងអស់ ។

ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា តំបន់ភ្នំដោះក្រមុំនេះមិនមានបញ្ហា ប្រឈមជាមួយប្រជាពល រដ្ឋទៀតទេ តែប្រឈមត្រង់ចំណុចដីដែលរាជរដ្ឋាភិបាលបានចេញ ស ជ ណ កាត់ដីក្នុងតំបន់នេះ ទំហំ ២ហិកតា សម្រាប់ធ្វើស្ថានីយទឹកស្អាត ដែលធ្វើឲ្យជនជាតិដើមភាគតិចលើកឡើងថាប៉ះដល់សោភ័ណ្ឌ ភាពតំបន់ភ្នំដោះក្រមុំ ដែលជារមណីយដ្ឋានទេសចរណ៍។

នៅក្នុងអង្គប្រជុំនេះ មន្ត្រីជំនាញពាក់ព័ន្ធ រួមទាំងសហគមន៍ជនជាតិដើមភាគតិច ក៏បានឯកភាពគ្នារួចហើយដែរ នឹងកាត់បន្ថយទំហំស្ថានីយទឹកស្អាត ឲ្យនៅកម្រិតទាប ដែលអាចទទួលយកបាន ។

អភិបាលខេត្តមណ្ឌលគិរី ក៏បានបញ្ជាឲ្យអង្គភាពពាក់ព័ន្ធ ឲ្យចុះបោះបង្គោលព្រំហ៊ុព័ទ្ធដី មជ្ឈ មណ្ឌលវប្បធម៌ភ្នំក្រមុំ នេះនៅសប្ដាហ៍ក្រោយ នឹងធ្វើឲ្យបានឆាប់រហ័សបំផុត ដើម្បីធានារក្សាដីវប្បធម៌ ជនជាតិដើមភាគតិច មិនឲ្យបាត់បង់នោះទេ ។

គួររម្លឹកថា ដីមជ្ឈមណ្ឌលវប្បធម៌ភ្នំក្រមុំ នៅឆ្នាំ២០០៤ ពេលដែលភ្នំដោះក្រមុំ ត្រូវបានស្នើសុំដាក់បញ្ជូលជាតំបន់ មជ្ឈមណ្ឌលវប្បធម៌ជនជាតិ មានទំហំសរុប ១០១ហិចតា តែក្រោយមកតំបន់នេះ ត្រូវបានប្រជាពលរដ្ឋមកតាំងទីលំនៅជាបន្តបន្ទាប់ ដោយនៅឆ្នាំ២០១២ តំបន់នេះ នៅសល់ដីសរុប ចំនួន ៩១ហិកតា ហើយមកទល់និងបច្ចុប្បន្នតំបន់ភ្នំដោះក្រមុំ នៅសល់ដីទំហំតែ ៨៥ហិកតាប៉ុណ្ណោះ គឺនៅក្រោយពេលដែលបានដោះស្រាយទំនាស់ជាមួយប្រជាពលរដ្ឋរួចមកហើយនោះ ។

ជាមួយគ្នានេះដែរ លោក គ្រើង តុលា តំណាងប្រជាជនជនជាតិដើមភាគតិចបាននិយាយថា ការសម្រេចរបស់អាជ្ញាធរពេលនេះ គឺពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើនដល់បងប្អូនជនជាតិដើមដែលជាម្ចាស់ស្រុក និងបានបម្រើដល់វិស័យទេសចរណ៍ផងដែរ ៕