លោកផ្កាយ៣ ដែលទះកំផ្លៀងស្ត្រីអ្នកចម្រៀង ព្រមសងជំងឺចិត្ត៨ពាន់ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2019 ក+ ក-

ភ្នំពេញ ៖ មន្ត្រីយោធាផ្កាយ ៣ ដែលបានប្រើហិង្សាទៅលើស្ត្រីជាតារាចម្រៀងនៅភោជនីយដ្ឋាន បឹងមាស ក្នុងសង្កាត់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នោះ ត្រូវបានគេដឹងអត្តសញ្ញាណហើយ គឺលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក ដោយយល់ព្រមបង់សំណងជំងឺចិត្តចំនួន ៨ពាន់ដុល្លារ ដើម្បីបញ្ចប់ការប្តឹងផ្តល់។

សូមរំលឹកថា នៅយប់ថ្ងៃកើតហេតុ អ្នកនាង យិន ស្រីពៅ តារាចម្រៀងនៅភោជនីយដ្ឋាន បឹងមាស ត្រូវបានបុរសម្នាក់ដែលអះអាងខ្លួនឯងថា ជាទាហានផ្កាយ ៣ និងជិះរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ទះកំផ្លៀងចំនួន២ដៃ បន្ទាប់ពីនាងបានបដិសេធចំពោះការចេញទៅដេកជាមួយខ្លួន។

អ្នកនាង យិន ស្រីពៅ ត្រូវបានគេដឹងថា ជាក្មួយស្រីរបស់លោក ព្រហ្ម ម៉ាញ សិល្បករអាយ៉ៃ ជើងចាស់ដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ ចាត់ទុកថាជាទង្វើ «អសីលធម៌» ប្រឆាំងនឹងស្ត្រីភេទ ព្រមទាំងធ្វើឲ្យអាប់ឱនកិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់កងទ័ពជាតិ។ ទន្ទឹមនឹងនោះ ក្រសួងការពារជាតិ បានបញ្ជាឲ្យមន្ត្រីជំនាញក្រោមឱវាទរបស់ក្រសួងចុះស្រាវជ្រាវយ៉ាងបន្ទាន់ ដើម្បីបង្ខំឲ្យបុគ្គលរូបនោះចូលខ្លួនមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនលើស្ត្រីរងគ្រោះ។

យោងតាមផេកហ្វេសបុករបស់លោក ផែង វណ្ណៈ បានបង្ហោះ ថា ៖ «លោកឧត្ដមសេនីយ៍ផ្កាយ៣ ប៉ុល ស៊ីនួន នាយទាហានជាន់ខ្ពស់នៅក្រសួងការពារជាតិ ដែលសំបូរទៅដោយរឿងអាស្រូវ ត្រូវបានគេស្គាល់ថាជាជនដៃដល់ដែលប្រើហិង្សាលើនារីអ្នកចម្រៀងនៅភោជនីយដ្ឋាន បឹងមាស កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោក ម៉ៅ ផល្លា អ្នកនាំពាក្យនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី៣ កុម្ភៈ ​នេះថា ករណីនេះ ត្រូវបានសម្របសម្រួលដោះស្រាយរួចហើយ ដោយភាគីបង្កអំពើហិង្សា គឺលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក លោកបានយល់ព្រមផ្ដល់សំណងជំងឺចិត្តចំនួន ៨.០០០ ដុល្លារ ឲ្យស្ត្រីអ្នកចម្រៀងឈ្មោះ យិន ស្រីពៅ តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ ដើម្បីបញ្ចប់ការប្តឹងផ្តល់ ក្រោយពីមានការសម្របសម្រួលដោះស្រាយនៅមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ រាជធានីភ្នំពេញ»៕