នាយករដ្ឋមន្ត្រីកម្ពុជា ព្រមាន«បិទទ្វារ»​ចំពោះអ្នកនយោបាយជាប់បម្រាម បើនៅតែស្ទាក់ស្ទើរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោនាយកដ្ឋមន្ត្រីកម្ពុជា បានព្រមានធ្ងន់ៗ ទៅកាន់ក្រុមមន្រ្តីអតីតបក្សប្រឆាំង ថា នឹង«បិទទ្វារ»លែងទទួលសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅមុន ឬក្រោយបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ខណៈមកដល់ពេលនេះ មាន​តែអតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន៣​រូប​ប៉ុណ្ណោះ ក្នុងចំណោម​១១៨​រូប ដែលបាន​សរសេរ​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​មុនកាលកំណត់

ថ្លែង​ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋានសាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​ នេះ សម្តេចតេជោ ​ហ៊ុន សែន បានព្រមាន​ដោយ​ប្រើ​សម្តី​ខ្លាំងៗ​ ចំៗសំដៅទៅលើក្រុមអតិតមន្ត្រី  CNRP ​ថា ​«ទ្វារ​បើកចំហ​ហើយ សម្រាប់​ក្រុមប្រឆាំង ចូល​ ឬ​មិន​ចូល​ជា​រឿង​អ្នកឯង ហើយ​ទ្វារ​ក៏​អាច​បិទ​វិញ នៅមុន​ចូលឆ្នាំ​ខ្មែរ ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ ដែរ​។ សម្តេចបន្តថា« មាន​អ្នកខ្លះ​រង់ចាំ​ថ្ងៃនេះ ថ្ងៃនោះ​ តែ​បើ​ដូច្នេះ អ្នកឯងមិនអាច​ចូលរួម​បោះឆ្នោតនៅ​ឆ្នាំ​២០២២ នោះឡើយ ហើយ​បើ​នៅតែ​ឈ្លើយ ទ្វារ​នឹងត្រូវ​បិទនៅមុន​ឬ​ក្រោយ ចូលឆ្នាំ​ខ្មែរ​» ខាងមុខនេះ។

សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់ជម្រើសពីរដល់អតីតគណបក្សប្រឆាំងដែលជាប់បម្រាម គឺទី១ មកស្នើសុំសិទ្ធិនយោបាយឡើងវិញ ដើម្បីរៀបចំបង្កើតគណបក្សចូលរួមការបោះឆ្នោតនៅអាណត្តិក្រោយ និងទី២ ត្រូវរង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ជាពេលដែលផុតកំណត់នៃសាលដីកាហាមឃាត់ការធ្វើនយោបាយរបស់ពួកគេ។ បើគណបក្សប្រឆាំងមិនដាក់ពាក្យស្នើសុំស្តារនីតិសម្បទាទេ ពួកគេមិនអាចបង្កើតបក្ស ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានព្រមានធ្ងន់ៗ ដោយដាក់ខ្នោះអតីតមន្ត្រីបក្សប្រឆាំងរូបណា ដែលហ៊ានធ្វើសកម្មភានយោបាយ ដោយមិនបានសុំសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ។

គួរបញ្ជាក់ថា មកដល់ពេលនេះ មាន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តែ​ ៣​រូប​ប៉ុណ្ណោះ ក្នុងចំណោម​១១៨​រូប ដែលបាន​សរសេរ​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​មុនកាលកំណត់ គឺអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ គឺលោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញហើយ កាលពីថ្ងៃទី២ ខែមិនា។ លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយបន្ទាប់ពីលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងលោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រប្រទាននីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩៕