ចេញពីរៀនឈ្នួល នាំគ្នាចុះលេងទឹកទន្លេលង់ស្លាប់ម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 March, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ កុមារីជាសិស្សសាលាម្នាក់ បានលង់ទឹកទន្លេស្លាប់ ក្នុងពេលដែលមិត្តភ័ក្តិរបស់នាងម្នាក់ទៀត បានរស់ជីវិតទាំងព្រលឹងចុងសក់។

ប៉ូលិសបានអោយដឹងថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ម៉ោង១៥ និង៤០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងលង់ទឹកទន្លេ នៅចំណុចមុខវិទ្យាល័យដីដុះ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ក្រោយពីទទួលពត៌មាននេះភ្លាម សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ បានជួយសង្គ្រោះ និងហៅឡានពេទ្យមកដឹកទៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ប៉ូលិសបានបន្តថា ក្មេងស្រីរងគ្រោះលង់ទឹកមានឈ្មោះ វុត្ថា សុដាលីន អាយុ១២ឆ្នាំ រៀនថ្នាក់ទី៥ «គ» សាលាឧត្ដរ មានទីលំនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពេលបញ្ជូនមកដល់មន្ទីពេទ្យ គ្រូពេទ្យបានប្រាប់ថា ក្មេងនេះបានស្លាប់បាត់បង់ជីវិតហើយ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ កុមារីរងគ្រោះបានចេញពីផ្ទះទៅរៀនឈ្នួល រហូតដល់ម៉ោង ១៤ និង ៣០នាទី ថ្ងៃដដែល នាងចេញពីរៀនឈ្នួល ក៏បានជិះកង់ជាមួយមិត្តភ័ក្តិរបស់នាងម្នាក់ទៀត មកលេងទឹកទន្លេនៅមុខវិទ្យាល័យដីដុះ ហើយលង់ទឹកស្លាប់តែម្ដង ដោយគ្មានអ្នកណាបានឃើញ និងជួយសង្គ្រោះឡើយ រីឯមិត្តភ័ក្តិរបស់នាងម្នាក់ទៀត បានស្រវេស្រវ៉ាឡើងមកលើគោកទាំងប្រផិតប្រផើយ។ ប៉ូលិសបានបញ្ជាក់ថា បន្ទាប់មកសមត្ថកិច្ច បានទំនាក់ទំនង់ផ្តល់ដំណឹងជូនអាណាព្យាបាលមកទទួលសាកសព យកទៅធ្វើបុណ្យតាមប្រពៃណី៕