ជីកដីធ្វើអណ្តូងយកទឹកបូមដាក់ស្រូវ បាក់ដីសង្កត់មនុស្សស្លាប់ម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2019 ក+ ក-

ព្រៃវែង ៖ ពិតជាគួរអោយអាណោចអាធ៌មខ្លាំងណាស់ កសិករម្នាក់ ដោយសារតែខ្វះទឹកធ្វើស្រូវ បានខំប្រឹងប្រើពលកម្មជីកដីធ្វើអណ្តូងយកទឹក បូមដាក់ស្រែ តែជាអកុសល ត្រូវដីបាក់សង្កត់បណ្តាលអោយស្លាប់ចោលប្រពន្ធ និងកូន៤នាក់។ ហេតុការណ៍នេះ បានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចវាលស្រែ ខាងលិចចម្ងាយពីផ្ទះប្រហែល ២០០០ម៉ែត្រ ស្ថិតក្នុងភូមិខ្ចោងកណ្តាល ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានអោយដឹងថាជនរងគ្រោះមានឈ្មោះព្រុំ.ស៊ាភេទប្រុសអាយុ២៩ឆ្នាំមុខរបរកសិករមានប្រពន្ធឈ្មោះ ទា ពីន អាយុ២៧ឆ្នាំ និងមានកូន ចំនួន៤នាក់ នៅក្នុងបន្ទុកស្រី៣នាក់ ដែលរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

របាយការណ៍បញ្ជាក់បន្ថែមថា ជនរងគ្រោះ បានជីកដីធ្វើអណ្ដូងពីរនៅក្បែរគ្នា ដែលមានជម្រៅជ្រៅប្រហែល8ម៉ែត្រ ដើម្បីយកប្រភពទឹកបូមដាក់ស្រូវ ហើយនៅថ្ងៃកើតហេតុគាត់ (ជនរងគ្រោះ)ក៍បានចុះទៅចោះដី ដាក់ទុយោ បន្តពីអណ្តូងមួយ ទៅអណ្តូងមួយទៀត ដើម្បីឲ្យមានប្រភពទឹកច្រើនងាយស្រួលបូមដាក់ដីស្រែអោយបានគ្រប់គ្រាន់។ ប៉ុន្តែជាអកុសលអាក្រក់ ខណៈកំពុងតទុយោ នៅក្នុងអណ្តូង ស្រាប់តែដីបានបាក់ទៅសង្កត់គាត់បណ្តាលអោយដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយទទួលបានព៌តមាននេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះ តែដោយសារដីសង្កត់មានជម្រៅជ្រៅ ទើបសមត្ថកិច្ច យកអេស្កា (អាx) មកកាយយកជនរងគ្រោះឡើងមក តែគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បន្ទាប់មកសមត្ថកិច្ចក៏បានបង្កើតគណៈកម្មការមានការចូលរួមពីមន្ត្រីនគរបាលជំនាញនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ ភូមិ និងគ្រូពេទ្យ ធ្វើកោសល្យវិច្ច័យ រូចបានបញ្ជាក់ថា ជនរងគ្រោះគឺពិតជាស្លាប់ដោយសារបាក់ដីសង្កត់ប្រាកដមែន។ សពក៍បានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕