អាមេរិក ផ្ដល់២លានដុល្លារ សម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោមនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2019 ក+ ក-

ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ២លានដុល្លារអាមរិក មកដល់កម្ពុជា ដើម្បីជួយគាំទ្រសកម្មភាពដោះមីន រយៈពេលពេញ១ឆ្នាំ ពិសេសលើការបោសសម្អាតគ្រាប់បែកចម្កោម។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ ហៅកាត់ថា CMAC បានសរសេរលើទំព័រហ្វ៊េសប៊ុក របស់លោក កាលពីម្សិលមិញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយមកអង្គភាពស៊ីម៉ាក់ ចំនួន ២លានដុលា្លរ សហរដ្ឋអាមេរិក សម្រាប់ដំណើរការរយៈពេល១២ខែ (០១ ខែមីនា ២០១៩-២៨ ខែកុម្ភ: ២០២០) ហើយគម្រោងនេះជាឆ្នាំទី២ នៃការដេញថ្លៃកាលពីឆ្នាំ២០១៨ កន្លងទៅ។

ការសម្រេចផ្ដល់ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើឡើងតាមរយៈមន្ត្រីគ្រប់គ្រងគម្រោងកម្មវិធីជំនួយដោះមីនមកពីក្រសួងការបរទេសអាមេរិក បានចុះទៅពិនិត្យសកម្មភាពប្រតិបត្តការរបស់អង្គភាពស៊ីម៉ាក់ នៅខេត្តត្បូងឃ្មុំ នេះបើតាមការបញ្ជាក់ពីលោក ហេង រតនា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ។ លោកបន្តថា គម្រោងនេះជាកិច្ចសហការវាងអង្គភាពស៊ីម៉ាក់និងអង្គការNPA ដែលត្រូវចុះហត្ថលខាអនុវត្តគម្រោងរវាងCMAC និងNPA ដ៍ខ្លីខាងមុខនេះ។

យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជាគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះសរុបចំនួន ៦.៤៧៧១ នាក់ក្នុងនោះជិត២ម៉ឺននាក់ ត្រូវបានស្លាប់ និងមានប្រមាណជាង៤ម៉ឺននាក់ ទៀតបានពិការភាព។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសមួយ ដែលបានផ្តល់ជំនួយដល់កម្ពុជា ដើម្បីការដោះគ្រាប់មិនទាន់ផ្ទុះ ដែលកប់ក្នុងដីកាលពីសម័យសង្គ្រាម។ ក្រៅពីនេះ ក៏មានប្រទេសមួយចំនួនទៀត បានផ្ដល់ជំនួយដល់កម្ពុជា សម្រាប់បោសសម្អាតគ្រាប់មិនទាន់ផ្ទុះផងដែរ ដូចជា ប្រទេសអូស្ត្រាលី បារាំង ជប៉ុន សហភាពអឺរ៉ុបរួមទាំងទីភ្នាក់ងារបរទេស និងអង្គការអន្តរជាតិមួយចំនួនទៀតផងដែរ៕