អំពើហិង្សា និងការរំលោភបំពាននានាលើស្រ្តី និងកុមារ នៅតែជាបញ្ហាគួរឱ្យបារម្មណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2019 ក+ ក-

ភ្នំពេញ ៖ អំពើហិង្សាលើស្រ្តី ជាទម្រង់សកម្មភាពរំលោភបំពាននានា ដែលចាត់ទុកថា ជាការរំលោភសិទ្ធមនុស្ស និងមូលដ្ឋានគ្រឹះ នៃសេរីភាពរបស់ស្រ្តី បើទោះជាមានភាពរីកចម្រើន នូវ វិស័យសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជាក៏ដោយ។

ដោយមើលឃើញយ៉ាងដូច្នេះ ក្លឹបអ្នកកាសែតកម្ពុជា និងក្រុមអ្នកធ្វើការ ដើម្បីស្រ្តី និងកុមារ នៅក្នុងប្រទេសកម្ពុជា បានរួមគ្នារៀបចំជាវេទិកាព័ត៌មានមួយ កាលពីរសៀលថ្ងៃទី៥ មីនា ស្តីពី អំពើហិង្សាផ្លូវភេទលើស្រ្តី និង កុមារី ដើម្បីឱ្យអ្នកសារព័ត៌មាន មានចំណេះដឹងបន្ថែមកាន់តែជ្រៅជ្រះ ក្នុងការធ្វើសំណេរ ឬ ការធ្វើអត្ថាធិប្បាយរបស់ខ្លួន ដើម្បីរួមចំណែក ធ្វើឱ្យអំពើហិង្សា និង ការរំលោភបំពាននានា នៅកម្ពុជាមានការថយចុះ ហើយឈានទៅលុបបំបាត់ ជាពិសេស រួមគ្នាដាក់បន្ទុកទៅលើជនល្មើសតាមផ្លូវច្បាប់ ចៀសវៀងលើកទឹកចិត្តជនល្មើស និងទម្លាក់កំហុសទៅលើជនរងគ្រោះដែលជាស្រ្តីនិងកុមារ។

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយមានចំណែកកាន់តែសំខាន់ ក្នុងការលើកស្ទួយសិទ្ធសេរីភាព តម្លៃរបស់ស្រ្តីខ្មែរ ក្លឹបអ្នកកាសែត បានសហការជាមួយ បណ្តាញយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា រៀបចំជាវេទិការថ្ងៃនេះ ដល់អ្នកសារព័ត៌មាន ទាក់ទងនឹងអំពើហិង្សាលើស្រ្តី ជាពិសេស ការរំលោភពបំពានផ្លូវភេទលើស្រ្តី និងកុមារ ដែលនៅតែជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសកម្ពុជា។

លោកបន្តថា បើយើងទាំងអស់គ្នាចូលរួមចំណែកយ៉ាងសកម្មទៅលើបញ្ហានឹង វានឹងអាចទប់ស្កាត់ កាត់បន្ថយ ហើយឈានទៅលុបបំបាត់ អំពើទាំងនោះបាន ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព និងតម្លៃស្រ្តីខ្មែរ។ បញ្ហានេះលោកថានៅមានខ្វះចន្លោះនៅលើប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។

បើតាមរបាយការណ៍របស់អង្គការលីការដូរ ក្នុងឆ្នាំ២០១៧ ថា មានការណីអំពើហិង្សាផ្លូវភេទ កើតឡើងចំនួន១៤៧ករណី ក្នុងនោះមាន១២០ករណី រំលោភសេពសន្ថវៈ និង៦ករណីរំលោភសម្លាប់ ដែលជនរងគ្រោះចាស្រ្តីនិងកុមារ ។ គិតត្រឹមខែកញ្ញាឆ្នាំ២០១៨ មានករណីហិង្សាលើក្មេងស្រីប្រមាណ១១០ករណី ក្នុងនោះមានការរំលោភសេពសន្ថវៈ៩០ករណី និងរំលោភសម្លាប់៨ករណី។

លោកស្រី រស់ សុភា នាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលមានគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពទាំងនោះ ខ្វះការអនុវត្ត បណ្ដាលឲ្យការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ដ្រីនៅកម្ពុជា ជួបឧបសគ្គ។

គួរបញ្ជាក់ថា ក្រសួងព័ត៌មាន និង ក្រសួងកិច្ចការនារី បង្កើននូវយន្តការតាមដាន និងវាយតម្លៃចំពោះបណ្តាញសារព័ត៌មាន ក្នុងការអនុវត្តក្របប្រតិបត្តិ ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មាន អំពើហិង្សាលើស្រ្តី៕