ការសុំសិទ្ធិធ្វើនយោបាយឡើងវិញ​របស់អតិតមន្ត្រីជាប់បំរាម នឹងធ្វើឡើងព្រមៗគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2019 ក+ ក-

ភ្នំពេញ ៖ ប្រភពព័ត៌មានដែលគួរឲ្យទុកចិត្ត បានបង្ហើបឲ្យដឹងថា មន្ត្រីដែលជាប់បំរាមធ្វើនយោបាយជាង ១១០រូប នឹងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញព្រមៗគ្នា ក្នុងទ្រង់ទ្រាយធំនាពេលឆាប់ៗនេះ។

គួរកត់សម្គាល់ថា ការលេចឮនូវព័ត៌មាននេះ នៅបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានថ្លែងដោយសំដីធ្ងន់ៗកាលពីសប្តាហ៍មុននេះ ដោយគំរាមថានឹង«បិទទ្វារ»ការសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅមុន ឬក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ការថ្លែងរបស់សម្តេចតាជោ គឺសំដៅទៅលើអតីតមន្ត្រីបក្សប្រឆាំងដែលជាប់បំរាម បានបន្តស្ទាក់ស្ទើររារែកចិត្ត ក្នុងការស្នើសុំនីតិសម្បទានធ្វើនយោបាយឡើងវិញ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានសរសេរតាមប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃអង្គារថា អ្នក កឹម សុខា និយមគួរតែស្នើសុំសិទ្ធិធ្វើនយោបាយវិញព្រោះថា លោក កឹម សុខា និងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយទេ ផ្ទុយទៅវិញលោក កឹម សុខា ត្រូវបានលោក សម រង្ស៊ី ជាន់ពន្លិច។

លោក សុខ ឥសាន បានថ្លែងថា « នៅពេលនេះជាឱកាសមាសឱកាសពេជ្រសម្រាប់ក្រុម កឹម សុខា និយម ជាពិសេសកូនស្រី កឹម សុខា មិនគួរនៅបង្អែបង្អង់តទៅទៀតទេ។ បើនៅតែអល់អែករង់ចាំមើលសភាពការណ៍ដោយអូសបន្លាយពេលនឹងនាំឲ្យខាតប្រយោជន៍ជាមិនខាន»។

ទោះជាយ៉ាងនេះក្តី គិតត្រឹមថ្ងៃពុធ ទី៥ ខែមីនា ម្សិលមិញនេះ លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលជាសេនាធិការទទួលពាក្យស្នើសុំនីតិសម្បទានយោបាយ បានបញ្ជាក់ថា មិនទាន់មានការដាក់ពាក្យស្នើទៀត នៅឡើយទេ៕