​លោក ឈាង វុន ៖ EU មិនគួរយករឿងពាណិជ្ជកម្ម ធ្វើជារឿងនយោបាយទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2019 ក+ ក-

ភ្នំពេញ ៖ លោក ឈាង វុន បានលើកឡើងថា សហគមន៍អឺរ៉ុប មិនគួរយកបញ្ហា EBA ដែលជាបញ្ហាពាណិជ្ជកម្ម មកធ្វើជារឿងនយោបាយនៅកម្ពុជានោះទេ។ លោកថា សហភាពអឺរ៉ុប មិនអាចប្រើប្រាស់ EBA ដើម្បីយកកម្ពុជាធ្វើជាចំណាប់ខ្មាំងបានទេ។

លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Manfred Grund សមាជិកសភាអាល្លឺម៉ង់ ​កាលពីថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ចដែលលោកឈាង វុន អះអាងថា ដើម្បីសិក្សាឈ្វេងយល់ និងថ្លឹងថ្លែង អំពីបញ្ហា EBA ដើម្បីទទួលបានព័ត៌មានស្មើគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។

លោក ឈាង វុន ប្រាប់លោក Manfred Grund ថា កម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈពេល៤ទសវត្សរ៍។ ដោយសារសង្គ្រាម បានធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងភាពក្រីក្រ។ ប៉ុន្តែក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ កម្ពុជាបានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍរីកចម្រើន គ្រប់វិស័យ មកដល់ពេលនេះ។

សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុប កាលពីពីពាក់កណ្តាលខែមករា ឆ្នាំ២០១៩ បានចាប់ផ្តើមដំណើរការផ្លូវការមួយនៃនីតិវិធីឈានទៅពិនិត្យលទ្ធភាពព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)» សម្រាប់កម្ពុជា ជាការឆ្លើយតបនឹងអ្វីដែលថា កម្ពុជា ធ្វើឲ្យខូចប្រជាធិបតេយ្យ និងមានការរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែ លោក ឈាង វុន បានលើកឡើងថា សហគមន៍អឺរ៉ុប មិនគួរយកបញ្ហា EBA ដែលជាវិស័យពាណិជ្ជកម្ម មកធ្វើជារឿងនយោបាយ និងយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនោះទេ៕