លោក អេង ភីរ៉ុង ប្រធានមន្ទីរបរិស្ថាន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅស្រុកសៀមបូក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2019 ក+ ក-

ខេត្តស្ទឹងត្រែង .៖ លោក អេង ភីរ៉ុង ប្រធានមន្ត្រីបរិស្ថានប្រចាំនៅស្នាក់ការស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានប្រជាពលរដ្ឋចោទថា ជាអ្នកគាបយកលុយពីក្រុមជនខិលខូចដឹកជញ្ជូនឈើល្មើស ចេញពីព្រៃឡង់ ស្រេចតែអំពើចិត្ត ជាថ្នូរនឹងប្រាក់សំណូក។

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានខ្សែរយៈជាអ្នករកស៊ីឈើ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ នៅតែកើតឡើងរាលដាលយ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។

ប្រភពដដែល បានអំពាវនាវបញ្ហានេះ ដល់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរមើលរំលងតទៅទៀតទេព្រោះលោក អេង ភីរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ យ៉ាងគគ្រឹកគគ្រេងនោះទេ ហើយបែរជាឃុបឃិតឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗ ស្រេចតែអំពើចិត្ត។

លោក អេង ភីរ៉ុង ប្រធានមន្ទីរបរិស្ថាន មិនអាចទាក់ទងសុំការបកស្រាយបាននៅឡើយទេ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នេះ។

សកម្មជនព្រៃឈើ មួយរូបក្នុងខេត្តស្ទឹងត្រែង បានប្រាប់ដោយសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ក្នុងឃុំសៀមបូក ស្រុកសៀមបូក នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីបរិស្ថាន ជាអ្នកឃុបឃិតបើកដៃឲ្យមានបទល្មើសដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថានប្រចាំស្នាក់ការក្នុងស្រុកសៀមបូក ទេនោះគឺគ្មានជនល្មើសណាអាចចូលកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន៕