មន្រ្តីព្រំដែនកម្ពុជា-ថៃ ជួបគ្នាម្តងទៀតនៅច្រកអានសេះ ជជែកពីការបើកច្រកទ្វារអន្តរជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 March, 2019 ក+ ក-

ព្រះវិហារ ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នេះ មន្រ្តីកម្ពុជា-ថៃ បានជួបប្រជុំគ្នាម្តងទៀត នៅច្រក ទ្វារអានសេះ ដើម្បីពិភាក្សាបញ្ហាពីដំណើរការឈានទៅដល់ការបើកច្រកទ្វារមួយនេះ ឲ្យក្លាយជា ច្រកទ្វារអន្តរជាតិ នាពេលខាងមុខ។

អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោក ជា គឹមសេង បានបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមការចូលរួមពីអភិបាលរងខេត្តទាំង២ អភិបាលស្រុកទាំង២ និងខាងកម្លាំងយោធា នៃប្រទេស ទាំង ២ផងដែរ។

យ៉ាងណាក៏ដោយលោក ជា គឹមសេង បានបញ្ជាក់ថា ចំពោះលទ្ធផល នៃកិច្ចពិភាក្សាខាងលើនេះ មិនទាន់បានទទួលនោះទេ ដោយភាគីទាំង២ នឹងដាក់ឆ្លងទៅថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ដើម្បីសុំគោលការណ៍សម្រេចនៅពេលក្រោយទៀត។

សូមជម្រាបថា អាជ្ញាធរកម្ពុជា-កម្ពុជា បាននិងកំពុងពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហារួមគ្នា នៅ ច្រក អានសេះនេះឱ្យបានល្អ ដើម្បីឈានដល់ការបើកច្រកនេះ ទៅជាច្រកទ្វារអន្តរជាតិ នៅក្នុង ឆ្នាំ ២០១៩នេះ។

កាលពីពេលកន្លងទៅ អភិបាលខេត្តព្រះវិហារ របស់កម្ពុជា លោក អ៊ុន ចាន់ដា និងអភិបាលខេត្ត អ៊ូប៊ុន របស់ថៃ លោក សារិទ្ធិ វិធូន បានប្តេជ្ញាថា និងដោះស្រាយបញ្ហារួមគ្នា នៅច្រកអានសេះ នេះ ឲ្យបានល្អ ដើម្បីឈានដល់ការបើកច្រកនេះ ជាច្រកអន្តរជាតិ ក្នុងពេលឆាប់ៗនេះ៕