​លោក ហ៊ុន ម៉ាណែត អំពាវនាវឲ្យរួមគ្នារក្សាសន្តិភាព ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2019 ក+ ក-

កំពង់ចាម ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អមដំណើរដោយ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធអគាសិក្សាចំនួន ២ខ្នង ស្ថិតនៅភូមិព្នៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្នស្ថិតិជំរឿនតាមបណ្តាក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម មានការសមស្របតាមពេលវេលាបានមួយចំនួន ពោលគឺអត្រាភាគរយចំនួនដែលមន្ត្រីបានចុះសម្ភាសន៍ ទទួលបានព័ត៌មានមានលក្ខណ:ទាប ដោយមិនទាន់បានសមស្របនឹងពេលវេលាឡើយដែលបានកំណត់នៅឡើយ។ ដូច្នេះ លោក បានជុះរុញលើកទឹកចិត្តមន្ត្រីជំរឿនដែលបានចុះសម្ភាសន៍ទាំងអស់ត្រូវខិតខំទំនាក់ទំនង រកពេលពេលណាមួយជួបជាមួយមេគ្រួសារ ឬពលរដ្ឋដែលមិននៅផ្ទះ ដោយអំពាវនាវឲ្យពលរដ្ឋចូលរួមសហការ ដើម្បីដំណើរជំរឿនឆ្នាំ២០១៩ នេះ ប្រកបដោយភាពជោគជ័យ។

ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសមានសុខសន្តិភាព មានស្ថេរភាព មានការអភិវឌ្ឍ ទើបមានការរីកចម្រើន ដែលកត្តាទាំងនេះ បានធ្វើឲ្យភូមិ ឃុំ សង្កាត់ មានអគារសិក្សា សាលារៀនស្អាត ដែលមិនធ្លាប់មានពីមុនមក ហើយនេះជាសំណាងដែលប្រទេសកម្ពុជា មានសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ជាអ្នកដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន និងការអភិវឌ្ឍ ។

លោកបន្តថា បច្ចុប្បន្ននេះ អគាសិក្សាថ្មីដែលកំពុងបើកដំណើរការសម្រាប់សិស្សានុសិស្ស ក្នុងភូមិព្នៅកើត ឃុំព្រៃចារ មានអគារថ្ម មានផាសុកភាពល្អ ដោយសារតែចេះសាមគ្គីភាពគ្នា កសាងរួមគ្នាជាមោទនភាពរបស់ពលរដ្ឋកម្ពុជា ដើម្បីឲ្យមានភាពសុខស្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋរួមគ្នាគាំទ្រ និងចូលរួមថែរក្សាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីប្រែក្លាយប្រទេសឲ្យកាន់តែមានការរីកចម្រើន និងការអភិវឌ្ឍបន្តទៀត ។

ស្របគ្នានោះដែរ លោកក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋកុំជឿការញុះញង់របស់អ្នកដ៍ទៃ នាំគ្នាធ្វេីអំពើច្របូកច្របល់ដល់សង្គម ដូចជា បាតុកម្ម ដុតកង់ឡាន ជាដេីម គឺយេីងត្រូវរួមគ្នាបំពេញភារកិច្ចបម្រេី និងរក្សានូវសុខសុវត្ថិភាព សុខសន្តិភាព ដេីម្បីសេចក្តីសុខជនរួមជាតិទាំងអស់គ្នា៕ ដោយ ៖ សុផល