ពលរដ្ឋចោទមន្ត្រីបរិស្ថានស្រុកជាំក្សាន ថាជាចោរប្លន់ ខណៈចុះបង្ក្រាបបទល្មើស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2019 ក+ ក-

ព្រះវិហារ ៖ ប្រជាពលរដ្ឋ ១គ្រួសារ បានស្រែកទ្រហោយំ ជាមួយនិងការអំពាវនាវដល់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជួយរកយុត្តិធម៌ជូនដល់គ្រួសារគាត់ផង ដោយចោទថា ក​ម្លាំង ១ក្រុម របស់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដឹកនាំដោយលោក វុន ធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង ជាចោរប្លន់ម៉ូតូ និងប្រាក់ជាង ៨លានរៀល តែមន្ត្រីបរិស្ថាន បានបដិសេសថា ជារឿងមិនពិត។

គួរំលឹកថា កាលពីវេលាម៉ោង ១០៖៤០នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ កំលាំងរបស់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង ចំនួន៦នាក់ ដឹកនាំដោយលោក វុន ធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព សហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមជាមួយនិងកំលាំងប្រជាការពារ ចុះល្បាតបង្ក្រាបបទល្មើសនានាក្នុងភូមិសាស្ត្រដែនសមត្ថកិច្ចរបស់ខ្លួន ស្ថិតក្នុង ភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន ខេត្តព្រះវិហារ។
មន្ត្រីបរិស្ថាន បានបញ្ជាក់ឲ្យភ្នាក់ងារព័ត៌មានដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ នេះ ថា លោក ហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់ថា ពាក់ព័ន្ធជាមួយនិងការចោទរបស់ពលរដ្ឋទៅលើកំលាំងមន្ត្រីបរិស្ថានថា ជាចោរទៅប្លន់ម៉ូតូ និងប្រាក់ជាង ៨លានរៀល ដែលថា ដាក់ទុកនៅក្នុងកែបម៉ូតូនោះ វាមិនពិតទេ។

លោកបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោក វុន ធឿន ប្រធានការិយាល័យដែន បានដឹកនាំកម្លាំងចំនួន ៦នាក់ សហការជាមួយមេភូមិ និងកម្លាំងប្រជាការពារ ចុះល្បាតបង្ក្រាបបទល្មើស ក៏បានប្រទះឃើញត្រាទ័រ១គ្រឿង កំពុងធ្វើសកម្មភាពភ្ជួរដីព្រៃខុសច្បាប់ ត្រង់ចំណុចដីយាមការលេខ 0452319.1568008 ខាងកើត ឈៀងខាងជើងតំបន់កំប្រាក់ ស្ថិតក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកបន្តថា នៅក្រោយពេលកម្លាំងទៅដល់ម្ចាស់ត្រាក់ទ័រដែលកំពុងភ្ជួរដី ក៏បានបើករត់ចេញពីកន្លែងកើតហេតុ ហើយបន្សល់ទុកម៉ូតូចំនួន១គ្រឿង ម៉ាកស្មាស់ .REVO.ពាក់ស្លាកលេខ សៀមរាប ១E.9095។ លោកមេឃុំបន្តថា នៅក្រោយពេលត្រួតពិនិត្យ និងឆែកឆេររួចកម្លាំងបាននាំយកមករក្សាទុក ដើម្បីចងក្រងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នេះ « មេគង្គប៉ុស្តិ៍ » មិនទាន់ទទួលបានព័ត៌មានផ្សេងទៀតពីភាគីប្រជាពលរដ្ឋនៅឡើយទេ។

ប្រភពច្បាស់ការពីមន្ត្រីបរិស្ថានម្នាក់ បានបញ្ជាក់ថា ក្រុមពលរដ្ឋដែលស្រែកចោទប្រកាន់ មកលើមន្ត្រីបរិស្ថានថា ជាចោរប្លន់នោះ គឺជាក្រុមពលរដ្ឋចំណាកស្រុកមកពីខេត្តដទៃ ហើយក្រុមនេះ តែងតែដើរធ្វើសកម្មភាពរុករានដីព្រៃខុសច្បាប់ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទេ។ ប្រភពដដែលបញ្ជាក់ថា ដីដែលពលរដ្ឋកំពុងធ្វើសកម្មភាពឈូសឆាយនោះ គឺជាដីទំនាស់ ដែលកំពុងស្ថិតក្នុងការការពារដោយកម្លាំងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។

លោកថា កន្លងមក កម្លាំងធ្លាប់ បានធ្វើការបង្ក្រាបចាប់មេខ្លោង និងបក្សពួកយកទៅដាក់ពន្ធនាគារជាបន្តបន្ទាប់ សរុបចំនួន ១៤នាក់រួចមកហើយ ៕