ព្រៃទួលប្រាសាទបុរាណជិត៥ហិកតានៅស្រុកម៉ាឡៃ កំពុងរងការទន្ទ្រាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2019 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនតូចកាប់ឆ្ការព្រៃនៅលើទួលប្រាសាទ ក៏ដូចជាទួលនៅជុំវិញប្រាង្គប្រាសាទទំហំប្រហែលជិត ៥ហិកតា ត្រង់ចំណុច៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ រួចមក ប្រធានការិយាល័យវិចិត្រសិល្បៈ និងវប្បធម៏ស្រុកម៉ាឡៃ មានសម្តែងនូវការសោកស្ដាយ និងអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ច ជួយចាត់វិធានការលើជនដែលកាប់ឆ្ការព្រៃទន្ទ្រានយកដីទួលប្រាសាទបុរាណជារបស់រដ្ឋធ្វើជារបស់ខ្លួន។

លោក ឆន សុខន ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកម៉ាឡៃបានបញ្ជាក់ថា ចំពោះប្រាសាទបុរាណ គឺជាបិតិកភ័ណ្ឌជាតិរបស់យើង ដូច្នេះតួនាទីរបស់លោកត្រូវតែរក្សា និងគ្រប់គ្រងនៅចំណុចទួលប្រាសាទក្នុង ក៏ដូចជាទួលប្រាសាទក្នុងស្រុកម៉ាឡៃ ដើម្បីរក្សាទុកព្រោះជាកេរ្ត៏មរតវប្បធម៏ជាតិរបស់ខ្មែរយើង។

លោកសំណូមពរទៅដល់អាជ្ញាធរ និងសមត្ថកិច្ចដែលឈជើងក្នុងស្រុកម៉ាឡៃ សូមសហការជាមួយរួបលោកដើម្បីទប់ស្កាត់នូវការកាប់បំផ្លាញព្រៃទួលប្រាសាទនេះ ជាពិសេសយោងតាមចរាចរណ៏របស់រាជរដ្ឋភិបាល គឺនៅលើទួលប្រាសាទ មិនត្រូវឲ្យពលរដ្ឋណាម្នាក់កាប់ឆ្ការព្រៃបំភ្លិចបំផ្លាញននោះទេ។

លោកបន្តថា បើពុំមានការជួសជុលនោះទេ សូមរក្សាភាពដើម ជាពិសេសគឺមិនឲ្យបងប្អូនកាប់ឆ្កា ឬឈូសឆាយទេ ដោយវាអាចបាត់បង់នៅបិតិកភ័ណ្ឌទាំងអស់ ហើយម្យ៉ាងទៀតយើងជីកកកាយតទៅទៀត វាអាចមានវត្ថុបុរាណនៅក្នុងច្បាប់មិនអនុញ្ញាតឲ្យឈួសឆាយឬកកូកាយឡើយ៕