សម្តេចតជោ អះអាងថា ករណីរំលោភផ្លូវភេទមិនចាំបាច់ឲ្យមានទោសប្រហារជីវិតទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងលុបចោលការ​ពិចារណាដែលថា គួរមានការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញឲ្យមានទោសប្រហារជីវិតឡើងវិញនោះ ជំនួសមកវិញដោយប្រកាន់យកវិធានពីរសំខាន់ គឺការអប់រំផ្សព្វផ្សាយ និងការដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ ចំពោះការរំលោភផ្លូវភេទ តែដាក់ទោសត្រឹមអស់មួយជីវិតវាគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ មីនា នេះថា កម្ពុជា មិនចាំបាច់ត្រូវកែរដ្ឋធម្មនុញ្ញ ដើម្បីឲ្យមានទោសប្រហារជីវិតនោះទេ ព្រោះបើការប្រហារជីវិតដោយភាន់ច្រឡំណាមួយកើតឡើង នោះ គឺជាគ្រោះថ្នាក់មួយធំទៅវិញទេសម្រាប់ជនដែលគ្មានកំហុស។ សម្តេចតេជោ បញ្ជាក់ដូច្នោះនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យា ល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួនជាង៣០០០នាក់។

ទាក់ទិននឹងបញ្ហានេះដែរ សម្តេចតេជោបានឯកភាពចំពោះការវិភាគរបស់លោក បណ្ឌិត សុខ ទូច លោក អ៊ូ វីរៈ និងលោកមេធាវី សុក សំអឿន ដែលថា វិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យមានទោសប្រហារជីវិត នឹង ធ្វើឲ្យគ្រោះថ្នាក់ធំ បើសិនមានការប្រហារជីវិតខុស។ សម្រាប់កម្ពុជាស្ថានភាពមួយនេះ មិនស្របទៅនឹងបរិបទកម្ពុជា ដែលបានដើរមកដល់ដំណាក់កាលថ្មីនោះទេ។

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចុះទៅជួបសំណេះសំណាល ជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលស្ថិតនៅ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យទី១០ ខែមីនា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចាត់ទុកថា អ្នកប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទទាំងនេះ គឺជាមនុស្សតិរិច្ឆាន ដែលមិនត្រូវលើកលែងទោសអោយនោះឡើយ។ សម្តេចតេជោថែមទាំងពិចារណាធ្វើវិសោធនកម្មច្បាប់ អោយមានទោសប្រហារជិវិត ចំពោះជនល្មើសដែលរំលោភទៅលើកូន ចៅ ក្មួយ ជាសាច់ញាតិ ក្រុមគ្រួសារ។

គួររំឭកថា កម្ពុជាបានលុបចោលទោសប្រហារជីវិតតាំងពីជំនាន់អតីតរដ្ឋកម្ពុជា គឺនៅពេលដែលកម្ពុជាបានធ្វើការកែរដ្ឋធម្មនុញ្ញពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា ដោយបានលុបចោលទោសប្រហារជីវិតតាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន៕