ឧកញ៉ា គិត ធាង ត្រូវបានឃាត់ខ្លួនសាកសួរករណីគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2019 ក+ ក-

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត រ៉ុក តាមដីការបស់តុលាការ ពីលំនៅដ្ឋានរបស់លោកនៅខណ្ឌទួលគោក ពាក់់ព័ន្ធករណីគ្រឿងញៀន។ ការចុះនាំខ្លួននេះ  ត្រូវគេមើលឃើញថា បានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់បញ្ជាយ៉ាងម៉ឺងមាត់ ឲ្យសមត្ថកិច្ចវែកមុខមេខ្លោងនៅក្រោយករណីគ្រឿងញៀននៅក្លឹបកម្សាន្ត រ៉ុក។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃនេះថា លោកឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត រ៉ុក ត្រូវបានកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំខ្លួននៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ តាមដីការបស់តុលាការរាជធានី ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក»។ លោកថា ឥឡូវនេះ លោកឧកញ៉ា គិត ធាង កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅឡើយ ហើយរឿងយ៉ាណាទៀតនោះ មិនទាន់បញ្ជាក់ប្រាប់បានក្នុងពេលនេះទេ។

​លោក ឧកញ៉ា គិត ធាង ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ពី​ផ្ទះ​នៅ​ជិត​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ស្ថិតក្នុង​សង្កាត់​បឹងកក់​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ យកទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ បើតាមព័ត៌មានក្រៅផ្លូវការ បានឲ្យដឹងថា ស្អែកនេះ លោកឧកញ៉ា គិត ធាង នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីបន្តការសាកសួរតាមនីតិវិធី។

គួររំលឹកថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាង៣០០នាក់ ក្នុងការឆ្មក់ចូលឆែកឆេរទីតាំងមជ្ឈមណ្ឌលក្លឹបកម្សាន្តរ៉ុក ដែលមានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពេលស៊ើបសួរមនុស្សទាំងជាង៣០០នាក់នោះរួចមក មានមនុស្សប្រមាណ១០នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនសមណុំរឿងទៅតុលការ ក្រៅពីនោះ ត្រូវបានចុះកិច្ចសន្យាអប់រំ និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

នៅក្រោយពីមានការបង្ក្រាបគ្រឿងញៀននៅក្នុងក្លឹបរ៉ុក នេះ បានពីរថ្ងៃ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់លោកឧកញ៉ា គិត ធាង ម្ចាស់អាជីវកម្មរ៉ុក អិធើធិនមេន សេនធឺ ស្តីពីការបិទអាជីវកម្មរ៉ុក ដោយអះអាងថា ម្ចាស់ក្លឹបកម្សាន្តរ៉ុក បានអនុវត្តន៍ផ្ទុយពីកិច្ចសន្យាជាមួយសាលារាជធានីភ្នំពេញ ហើយនៅរសៀលថ្ងសទី១១ ខែមីនា នេះ លោកឧកញ៉ា គិត ធាង ដែលជាម្ចាស់ក្លឹប ក៏ត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួនទៅសាកសួរពាក់ព័ន្អនឹងករណីខាងលើតែម្តង៕