អាជ្ញាធរខេត្តកំពង់ចាមបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំចាស់ និងកំណត់ទិសដៅឆ្នាំ២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2019 ក+ ក-

​ខេត្តកំពង់ចាម ៖ ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសំរាប់អនុវត្តឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តក្រោមធិបតីភាពលោក ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលអភិបាលរង ក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមេឃុំទាំងទូទាំងខេត្ត ព្រមទាំង រដ្ឋបាលប៉ុស្តិ៍ទូទាំងខេត្ត ប្រមាណ ៥៥០នាក់។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃចន្ទ ទី ១១ ខែមីនា ឆ្នាំ២០១៩ ។

មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនោះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលសាលាខេត្តកំពង់ចាម នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦ ។

លោកបានបន្ថែមទៀតថា ដើមី្បអោយដំណើរការរបស់អង្គសន្និបាតមានភាពផុសផុល លោក បានបែងចែកអោយមានការពិភាក្សាជាក្រុម ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនព្រមទាំង ប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះក្នុងការអនុវត្តសិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តន៍ឲ្យបានជោគជ័យនាឆ្នាំខាងមុខ ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម ៕ ដោយ ៖ សុផល