សាលក្រមសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នឹងប្រកាសនៅថ្ងៃទី២៦ ខែមីនា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2019 ក+ ក-

ភ្នំពេញ ៖ សំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ដែលបានអូសបន្លាយតាំងពីឆ្នាំ២០១៤ មកនោះ នឹងត្រូវបានតុលាការរាជធានី រៀបចំប្រកាសនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខ។

តាមប្រភពព័ត៌មាន ពីតុលាការបានឲ្យដឹងថា បន្ទាប់ពីបើកសវនាការជាសាធារណៈអស់ជាច្រើនលើក ដោយមិនដែលមានវត្តមានជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ ចូលឆ្លើយនោះឡើយ។ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកំណត់ពេលប្រកាសសាលក្រមសំណុំរឿង ឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានជនជាប់ចោទចំនួន ៤នាក់ រួមមានឈ្មោះ ថោង សារ៉ាត់ ថៅកែក្រុមហ៊ុន ៩៩៩ និងអង្គរក្សឈ្មោះ សៀង វាសនា ,ឈ្មោះ កូយ ចាន់ថុល ,ឈ្មោះ មាស សម្បត្តិ និងឈ្មោះ ឈុន ចិត្រា ដែលត្រូវតុលាការចោទថា ក្រុមឃាតករសម្លាប់ជនរងគ្រោះ។

គួររំលឹកថា ជនរងគ្រោះលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ត្បូងពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនៅមុខហាងលក់ផ្លែឈើយីហោ ឡោតិចសេង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ពីបើកការស្រាវជ្រាវ និងស៊ើបអង្កេតសមត្ថកិច្ចបានឃាត់ខ្លួនជនជាច់ចោទឈ្មោះ ថោង សារ៉ាត់ និងអង្គរក្សចំនួន ៥នាក់ បញ្ជូនទៅតុលាការ ប៉ុន្តែក្រោយមកអង្គរក្សម្នាក់ឈ្មោះ លី សៅ ដែលនគរបាលអះអាងថា ជាជនដៃដល់បានស្លាប់នៅក្នុងពន្ធនាគារ ប៉ុន្តែយ៉ាងណាក៏ដោយ នៅគ្រប់សវនាការកន្លងមក ទាំងជនជាប់ចោទ និងសាក្សីដោះបន្ទុក សុទ្ធតែអះអាងថា ជនជាប់ចោទ មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះឡើយ៕